Connect with us

Hi, what are you looking for?

ពិភពលោក

ធនាគារពិភពលោក៖ ជម្លោះកំពុងជំរុញកំណើនភាពក្រីក្រខ្លាំងជាសកល

ធនាគារពិភពលោក (WB) បានព្រមាននៅចុងសប្តាហ៍នេះ ថា ជម្លោះ និងការស្លាប់ដែលពាក់ព័ន្ធ បានកើនឡើងច្រើនជាងបីដងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ហើយកំពុងជំរុញឱ្យមានកំណើននៃភាពក្រីក្រខ្លាំងជាសកល។

ការសិក្សាថ្មីមួយរបស់ធនាគារពិភពលោករកឃើញថា សេដ្ឋកិច្ចនៅក្នុងតំបន់ផុយស្រួយ និងដែលរងផលប៉ះពាល់ពីជម្លោះ បានក្លាយទៅជាចំណុចកណ្តាលនៃភាពក្រីក្រខ្លាំងជាសកល និងអសន្តិសុខស្បៀង។

ធនាគារនេះបន្តថា នៅឆ្នាំ២០២៥ មនុស្ស ៤២១លាននាក់រកចំណូលបានតិចជាង ៣ដុល្លារក្នុងមួយថ្ងៃ នៅកន្លែងដែលរងគ្រោះដោយសារជម្លោះ ឬអស្ថិរភាព ដែលវាបង្ហាញពីភាពក្រីក្រខ្លាំង ហើយចំនួននេះនឹងកើនឡើងដល់ ៤៣៥លាននាក់នៅឆ្នាំ២០៣០។

ធនាគារផ្តល់ប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះ បានបន្ថែមថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចប្រទេសចំនួន៣៩ ត្រូវបានចាត់ថ្នាក់ថា កំពុងប្រឈមមុខនឹងលក្ខខណ្ឌបែបនេះ ហើយ២១ប្រទេស គឺនៅក្នុងចំណោមប្រទេសកំពុងស្ថិតក្នុងជម្លោះសកម្ម។

បញ្ជីឈ្មោះប្រទេសទាំងនេះ រួម មាន អ៊ុយក្រែន សូម៉ាលី ស៊ូដង់ ខាង ត្បូង តំបន់ វេសប៊ែង និង ហ្គាហ្សា។ វាក៏រួមបញ្ចូលទាំងអ៊ីរ៉ាក់ផងដែរ។

របាយការណ៍របស់ធនាគារពិភពលោក ក៏បានអំពាវនាវដែរថា វិធានការណ៍ទប់ស្កាត់ជម្លោះ អាចនាំមកនូវផលចំណេញខ្ពស់ ពិសេសអាចជួយបន្ធូរបន្ថយអត្រានៃភាពក្រីក្រខ្លាំងជាសកល៕

អត្ថបទពេញនិយម