Connect with us

Hi, what are you looking for?

ពិភពលោក

កូនស្រីលោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីថ្មីដឹក​នាំរដ្ឋាភិបាលថៃ

សភាថៃបានបញ្ចប់ការបោះឆ្នោតវិសាមញ្ញនៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ ខណៈលោកស្រី Paetongtarn Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ Thaksin Shinawatra ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ។

ជាអ្នកនយោបាយចំណូលថ្មីរបស់ថៃក៏ពិតមែន ប៉ុន្តែលោកស្រី Paetongtarn នឹងក្លាយជានាយករដ្ឋមន្រ្តីស្រ្តីទី២ នៅក្នុងប្រវត្តិសាស្រ្តថៃ និងជានាយករដ្ឋមន្ត្រីថៃទី៣ ដែលមានប្រភពពីត្រកូលអ្នកជំនួញ Shinawatra ដែលនេះអាចជាភាពភ្ញាក់ផ្អើលមួយក្នុងរបត់នយោបាយថៃ និងជាពិសេសគឺការសម្រេចក្នុងរយៈពេលដ៏ខ្លីក្រោយការបញ្ចប់តំណែងរបស់លោក Srettha Thavisin។

សូមបញ្ជាក់ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃកាលពីថ្ងៃពុធបានសម្រេចបញ្ចប់មុខតំណែងរបស់លោក Srettha Thavisin ក្នុងនាមជានាយករដ្ឋមន្រ្តី និងបានជំរុញឱ្យមានការរៀបចំបេក្ខភាពប្រជែងតំណែងកំពូលនេះពីបណ្ដាគណបក្សផ្សេងៗភ្លាមៗផងដែរ។

សេចក្ដីសម្រេចពីតុលាការធម្មនុញ្ញបានជះឥទ្ធិពលយ៉ាងខ្លាំងលើរបត់នយោបាយថ្មីរបស់ថៃ ដោយជាក់ស្ដែងកាលពីសប្តាហ៍មុនតុលាការធម្មនុញ្ញបានប្រកាសរំលាយចោលគណបក្សឆ្ពោះទៅមុខ (Move Forward Party) និងបានដាក់បំរាមលោក Pita Limjaroenrat មេដឹកនាំគណបក្សនេះមិនឱ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ។ ដោយឡែក នៅសប្តាហ៍នេះតុលាការធម្មនុញ្ញបានដកហូតតំណែងរបស់លោកនាយករដ្ឋមន្រ្តី Srettha Thavisin ដោយសំឡេងតានតឹង ៥-៤ ជុំវិញការតែងតាំងលោក Pichit Chuenban ជាសមាជិកគណៈរដ្ឋមន្ត្រី៕

អត្ថបទពាក់ព័ន្ធ