Connect with us

Hi, what are you looking for?

ពិភពលោក

វៀតណាម ព្រមានពីគ្រោះទឹកជំនន់ ពីព្យុះWipha បក់បោកទៅកាន់ឆ្នេរភាគខាងជើង

ព្យុះត្រូពិក Wipha ត្រូវបានរំពឹងថានឹងបក់បោកលើទូទាំងតំបន់ឆ្នេរភាគខាងជើងរបស់វៀតណាម នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ខណៈទាហានជិត ៣៥០ ០០០នាក់ ត្រូវបានដាក់ឱ្យប្រចាំការ ខណៈអាជ្ញាធរឧតុនិយមរបស់រដ្ឋព្យាករពីកម្រិតទឹកភ្លៀង ៥០សង់ទីម៉ែត្រដែលអាចនឹងបង្កទៅជាគ្រោះទឹកជំនន់ និងរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គិតត្រឹមម៉ោង ៦៖០០នាទីព្រឹក នៅថ្ងៃអង្គារនេះ ព្យុះ Wipha ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីឆ្នេរនៃទីក្រុង Haiphong ជាមួយល្បឿនខ្យល់បក់១០២គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងរំកិលឆ្ពោះទៅកាន់ភាគនិរតីក្នុងល្បឿនខ្យល់ ១៥គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ទាប់ពីបក់បោកលើខេត្ត Hung Yen និងខេត្ត Ninh Binh ព្យុះ Wipha ត្រូវបានព្យាករថានឹង ថមថយចុះឥទ្ធិពលក្លាយទៅជាសម្ពាធទាបនៅយប់ថ្ងៃអង្គារនេះ។ ប៉ុ​ន្តែសម្ពាធនេះអាចនាំឱ្យមានភ្លៀងធ្លាក់ខ្លាំង។

តាមអាជ្ញាធរវៀតណាម មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានប្រកាសដាក់ខេត្តនៅជាប់តំបន់ឆ្នេរមួយក្នុងគ្រាអាសន្ន ដោយនិយាយថាព្យុះ Wipha អាចនឹងបង្កជាទឹកជំនន់ និងរអិលបាក់ដី។ ចំណែក ក្រុមហ៊ុនអាកាសចរណ៍បានលុបចោល និងលើកពេលជើងហោះហើរមួយចំនួន ខណៈអាកាសយានដ្ឋាន និងសេវារថភ្លើងខ្លះត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្សយ៉ាងហោច ៣០០នាក់ និងបង្កជាការខូចខាតជាង ៣.៣ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម៕

អត្ថបទពាក់ព័ន្ធ