Connect with us

Hi, what are you looking for?

ពិភពលោក

ប្តីប្រពន្ធជាអ្នកទេសចរម៉ាឡេស៊ី ត្រូវថៃដុតទាំងរស់ បានសំណងមិនទាន់គ្រប់

ប្តីប្រពន្ធជាអ្នកទេសចរ ម៉ាឡេស៊ី ចំនួន ២នាក់ ដែលត្រូវបានជនជាតិថៃ ដុតទាំងរស់ នៅកណ្តាលទីក្រុងបាងកក បានទទួលសំណង មិនគ្រប់គ្រាន់ នេះបើតាមគ្រួសារ របស់ជនរងគ្រោះ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ គ្រួសាររបស់ជនជាតិម៉ាឡេស៊ីទាំងនោះ បានបារម្ភថា ថ្លៃព្យាបាលអាចលើស សំណង ដែលអាជ្ញាធរថៃ ផ្តល់ឲ្យ។

ថ្លែងទៅកាន់ទីភ្នាក់ងារ សារព័ត៌មាន ម៉ាឡេស៊ី Bernama កាលពីថ្ងៃសុក្រ ឪពុករបស់ជនរងគ្រោះទាំងពីរនាក់ បាននិយាយថា គ្រួសារមានការព្រួយបារម្ភ អំពីការចំណាយលើការព្យាបាល ដែលបានកើនឡើង ដល់ប្រហែល ជាង៤៦,០០០ដុល្លារអាមេរិក បន្ទាប់ពីការព្យាបាល បានត្រឹមជាងមួយសប្តាហ៍។

លោក បានប្រាប់ ថា «យើងព្រួយបារម្ភថា ចំនួនសរុប នៃសំណងប្រហែលជាមិនគ្រប់គ្រាន់ ដើម្បីរ៉ាប់រង ថ្លៃព្យាបាលសរុប នៅទីនេះទេ ហើយការចោទប្រកាន់ លើបញ្ហានេះ គឺ មានកម្រិតខ្ពស់ណាស់» ។

បើតាម CNA ថៃបានព្រមផ្តល់សំណង សរុប ម្នាក់ៗ ជាង១៥,០០០ដុល្លារ បូករួមនឹង ថ្លៃសំណងជំងឺផ្លូវចិត្ត ជាង១,៥០០ដុល្លារ។

គួរបញ្ជាក់ថា គូស្នេហ៍មួយគូនេះ ម្នាក់អាយុ ២៦ឆ្នាំ ម្នាក់ទៀត អាយុ ២៧ឆ្នាំ ត្រូវបានជនជាតិថៃ អត់ការងារធ្វើម្នាក់ ស្ទុះទៅដុតពីក្រោយ ទាំងកម្រោល បណ្តាលឲ្យភ្លើងឆាបឆេះរបួសធ្ងន់ធ្ងរ ពេលកំពុងអង្គុយ សម្រាកលំហែកាយ នៅទីប្រជុំជនមួយ ក្នុងក្រុងបាងកក កាលពីម៉ោងប្រហែល ១០យប់ ថ្ងៃទី៧ ខែសីហា៕

ប្រភព៖ Apsara TV11

អត្ថបទពាក់ព័ន្ធ