(អាមេរិក) – សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការបញ្ជាក់នេះ ត្រូវបានថ្លែងដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន NBC កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០២៥។
លោក Marco Rubio បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងហ្មត់ចត់រាល់ស្ថានការណ៍ជម្លោះព្រំដែនដ៏តានតឹងនេះ។
សហរដ្ឋអាមេរិក តាមរយៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តួចផ្តើមគំនិតលើបទឈប់បាញ់រវាងកម្ពុជានិងថៃ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ ក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងប្រទេសចិន៕


























