ក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ថា មីយ៉ាន់ម៉ាបានបិទព្រំដែនជាបណ្ដោះអាសន្ននៅចន្លោះក្រុង Myawaddy និងក្រុង Mae Sot ដើម្បីធ្វើការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសរត់ពន្ធ ដែលបានធ្វើឲ្យរថយន្ត និងកុងតឺន័រដឹកទំនិញរាប់រយគ្រឿងជាប់គាំង។ ការបិទព្រំដែននេះបានកើតឡើងតាំងពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ដោយគ្មានការជូនដំណឹងជាមុន។
យោងតាមលោក Jatuporn Buruspat រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ការបិទច្រកព្រំដែននេះគឺដោយសារអាជ្ញាធរមីយ៉ាន់ម៉ាពង្រឹងការត្រួតពិនិត្យលើការនាំចូលទំនិញ និងបង្ក្រាបការរត់ពន្ធ។ បន្ថែមពីនេះ អាជ្ញាធរមីយ៉ាន់ម៉ាក៏បានបិទស្ពានមិត្តភាពលេខ២ ថៃ-មីយ៉ាន់ម៉ា ផងដែរ។
ទោះជាយ៉ាងណា ក្រោយការស៊ើបអង្កេតរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅក្រុង Yangon ដែលបានពិភាក្សាជាមួយក្រុមហ៊ុនឯកជន និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ គេរំពឹងថាព្រំដែននឹងបើកឡើងវិញនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា។ បន្ថែមពីនេះ មីយ៉ាន់ម៉ានឹងបន្តពង្រឹងវិធានការប្រឆាំងការរត់ពន្ធ ដោយរឹតបន្តឹងការត្រួតពិនិត្យលើអាជ្ញាបណ្ណនាំចូល។
លោក Jatuporn បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទំនិញដែលជាប់គាំងនេះ លោកបានណែនាំឲ្យនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសជួបជាមួយតំណាងពាណិជ្ជកម្មមីយ៉ាន់ម៉ានៅប្រទេសថៃ។ លោកក៏បានបន្ថែមដែរថា ទំនិញថៃដែលនាំចូលទៅមីយ៉ាន់ម៉ាទាំងអស់ត្រូវតែមានអាជ្ញាបណ្ណនាំចូលត្រឹមត្រូវស្របតាមច្បាប់របស់មីយ៉ាន់ម៉ា។
បញ្ហានេះបានបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន ដោយសារតំបន់ Myawaddy-Mae Sot គឺជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរ៕



























