ក្រុមហ៊ុន Meta Platforms បានប្រកាសកាត់បន្ថយបុគ្គលិកប្រហែល ៦០០នាក់ ក្នុងផ្នែកសិប្បនិម្មិត (AI) របស់ខ្លួន ដែលមានឈ្មោះថា Meta Superintelligence Labs (MSL) តាមរយៈរបាយការណ៍ពី Axios និង Reuters នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ការកាត់បន្ថយនេះប៉ះពាល់ដល់បុគ្គលិកជាច្រើនក្រុម រួមទាំងផ្នែកស្រាវជ្រាវរបស់ Meta ឈ្មោះ Facebook Artificial Intelligence Research (FAIR), ក្រុមអភិវឌ្ឍផលិតផលដែលប្រើ AI និងក្រុមបច្ចេកទេសសម្រាប់ស្ថាបត្យកម្ម AI។ ទោះជាយ៉ាងណា យោងតាមរបាយការណ៍ពី Axios ក្រុមថ្មីមានឈ្មោះថា TBD Lab ដែលជាផ្នែកសំខាន់ក្នុងគម្រោង «Superintelligence» របស់ Meta មិនត្រូវបានប៉ះពាល់ដោយការកាត់បន្ថយនេះទេ។
នៅក្នុងសារផ្លូវការមួយពី Alexandr Wang ប្រធានផ្នែក AI របស់ Meta បានបញ្ជាក់ថា ការកាត់បន្ថយនេះគឺដើម្បីធ្វើឲ្យអង្គភាពមានភាពសមរម្យជាងមុន ដោយមានសមត្ថភាពសម្រេចចិត្តលឿនជាងមុន និងឲ្យបុគ្គលនីមួយៗមាន «តួនាទីសំខាន់ និងឥទ្ធិពលច្បាស់លាស់ជាងមុន»។ Meta ក៏បានអះអាងថា បុគ្គលិកដែលត្រូវបានប៉ះពាល់អាចដាក់ពាក្យស្នើចូលបំពេញតួនាទីផ្សេងទៀតនៅក្នុងក្រុមហ៊ុនវិញផងដែរ។ ជាមួយគ្នានេះ Meta ក៏បន្តជ្រើសរើសបុគ្គលិកសម្រាប់ក្រុមស្រាវជ្រាវថ្មី TBD Lab ទោះបីមានការកាត់បន្ថយនៅផ្នែកផ្សេងៗក៏ដោយ។
Meta ត្រូវបានគេដឹងថាកំពុងធ្វើការរៀបចំយុទ្ធសាស្ត្រ AI ឡើងវិញ ដើម្បីផ្លាស់ប្តូរពីក្រុមធំៗ និងការងារដែលស្ទើរតែមិនអាចទៅរួច ទៅជាក្រុមតូចៗដែលមានប្រសិទ្ធភាពខ្ពស់ និងច្បាស់លាស់ជាមួយគោលដៅជាក់លាក់។ ការប្តេជ្ញាចិត្តរក្សាទុក TBD Lab បង្ហាញថា Meta កំពុងផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Superintelligence) ជាជំហានសំខាន់សម្រាប់អនាគត។
គួរជម្រាបថា ការកាត់បន្ថយនេះបង្ហាញថា Meta កំពុងប្តូរទិសដៅ AI ឲ្យមានភាពរហ័ស និងប្រសើរឡើង។ នេះអាចជាបញ្ចេញសញ្ញាថា ក្រុមហ៊ុនកំពុងចង់បន្ថយការចំណាយ និងកែលម្អប្រសិទ្ធភាពក្នុងការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល AI។ ការរក្សា TBD Lab បង្ហាញពីការផ្តោតលើគម្រោងរយៈពេលវែងដែលអាចប្រឈមប្រជែងជាមួយក្រុមហ៊ុនដូចជា OpenAI និង Google DeepMind។ សម្រាប់វិស័យ AI ទូទាំងពិភពលោក វាអាចបណ្តាលឲ្យមានការផ្លាស់ទីបុគ្គលិក និងការប្តូរយុទ្ធសាស្ត្រពីក្រុមហ៊ុនធំៗផ្សេងទៀតផងដែរ៕


























