របាយការណ៍បានព្រមានថា ពិភពលោកប្រឈមវិបត្តិប្លាស្ទិកធ្ងន់ធ្ងរ ដែលប៉ះពាល់សុខភាពចាប់ពីកុមាររហូតដល់មនុស្សចាស់។ តួយ៉ាង ផលិតផលប្លាស្ទិកលើពិភពលោក បានរកឃើញមានចំនួនកើនឡើងច្រើនជាង ២០០ ដងចាប់តាំងពីឆ្នាំ១៩៥០ ហើយចំនួនប្លាស្ទិក អាចមានចំនួនកើនឡើងបីដង នៅឆ្នាំ ២០៦០ ដែលភាគច្រើនជាប្រភេទប្លាស្ទិក ដែលប្រើតែមួយដងបោះចោល។
បច្ចុប្បន្ននេះ ប្លាស្ទិកប្រហែល ៨ ពាន់លានតោន បានបំពុលភពផែនដី ក្នុងនោះប្លាស្ទិកមិនដល់ ១០% ត្រូវបានកែច្នៃឡើងវិញ។ ប្លាស្ទិកប៉ះពាល់ដល់សុខភាពមនុស្សគ្រប់ដំណាក់កាល ជាពិសេសប៉ះពាល់ដល់ស្រ្តីមានគភ៌ ទារកក្នុងផ្ទៃ និងកុមារ។ សារធាតុប្លាស្ទិក ដែលយើងកំពុងប្រើប្រាស់ វាបង្កឱ្យមានពិការភាពពីកំណើត ជំងឺមហារីក ជំងឺសួត និងបញ្ហាមិនអាចមានកូន។
មីក្រូប្លាស្ទិកត្រូវបានរកឃើញ បានជ្រៀតចូលទៅក្នុងឈាម ខួរក្បាល និងសរីរាង្គរបស់មនុស្ស ដែលផ្តល់ផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការផលិតប្លាស្ទិកពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ដែលបានបញ្ចេញនូវឧស្ម័នកាបូនិក CO₂ ប្រមាណ២ ពាន់លានតោនជារៀងរាល់ឆ្នាំ និងធ្វើឱ្យមានការបំពុលខ្យល់កាន់តែខ្លាំងទៅៗ។
អ្នកជំនាញព្រមានថា ការកែច្នៃឡើងវិញតែមួយមុខគឺមិនគ្រប់គ្រាន់ទេ រឿងបន្ទាន់នៅចំពោះមុខនោះគឺការធ្វើសកម្មភាពជាសកលដើម្បីកាត់បន្ថយការផលិតប្លាស្ទិក៕
ប្រភព៖ Fresh News


























