Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

Apple ប្រកាសដាក់ដំណើរការដឹកជញ្ជូន Server AI ជាលើកដំបូង

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានចាប់ផ្តើមដំណើរការដឹកជញ្ជូន server បញ្ញាសិប្បនិម្មិត (AI) ដែលបានផលិតនៅក្នុងរោងចក្រថ្មីមួយនៅទីក្រុងហ៊ូស្តុន (Houston) សហរដ្ឋអាមេរិក។ នេះគឺជាផ្នែកមួយដ៏សំខាន់នៃផែនការវិនិយោគសរុប ៦០០ ពាន់លានដុល្លារ របស់ក្រុមហ៊ុននៅក្នុងទឹកដីអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

Server AI ទាំងនេះត្រូវបានបំពាក់ដោយបន្ទះឈីបដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដែលនឹងជួយក្រុមហ៊ុន Apple ក្នុងការផ្តល់មុខងារ AI ទំនើបៗ ដោយធានានូវសុវត្ថិភាព និងរក្សាវិធានការឯកជនភាពដ៏តឹងរ៉ឹងបំផុត ដូចទៅនឹងការប្រើប្រាស់លើឧបករណ៍ iPhone និង Mac ដែរ។ Server ដែលផលិតនៅក្នុងស្រុកនេះ នឹងត្រូវយកទៅដំឡើង និងប្រើប្រាស់នៅតាមមជ្ឈមណ្ឌលទិន្នន័យ (data centers) ទាំងអស់របស់ Apple នៅទូទាំងសហរដ្ឋអាមេរិក។

លោក Sabih Khan ប្រធានប្រតិបត្តិការ (Chief Operating Officer – COO) របស់ក្រុមហ៊ុន Apple បានសម្តែងការពេញចិត្ត និងមានប្រសាសន៍អំពីដំណើរការរោងចក្រនេះថា៖ «ក្រុមរបស់យើងបានធ្វើការងារដ៏អស្ចារ្យក្នុងការជំរុញល្បឿនការងារ ដើម្បីឱ្យរោងចក្រហ៊ូស្តុនថ្មីដំណើរការមុនកាលកំណត់ ហើយយើងមានគម្រោងបន្តពង្រីកទីតាំងនេះ ដើម្បីបង្កើនផលិតកម្មនៅឆ្នាំក្រោយ»។

គួរជម្រាបថា ការផ្លាស់ប្តូរមកផ្តោតលើការផលិត server នៅក្នុងទឹកដីអាមេរិកនេះ កើតឡើងស្របពេលដែលមានការជំរុញពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ឱ្យក្រុមហ៊ុន Apple បង្កើនការផលិតនៅក្នុងប្រទេស។ ទោះបីជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tim Cook ធ្លាប់បានបញ្ជាក់ថា ការដំឡើងទូរស័ព្ទ iPhone ទំនងជានៅតែបន្តធ្វើនៅក្រៅប្រទេសសម្រាប់ពេលបច្ចុប្បន្នក៏ដោយ ក៏ Apple កំពុងស្វែងរកការផ្គត់ផ្គង់បន្ទះឈីប និងគ្រឿងបន្លាស់សំខាន់ៗបន្ថែមទៀតពីសហរដ្ឋអាមេរិក៕

អត្ថបទពាក់ព័ន្ធ