Connect with us

Hi, what are you looking for?

ពិភពលោក

ព្យុះហឺរិខិន វាយប្រហារបណ្តាប្រទេសដីកោះនៅសមុទ្រ Caribbean អ្នកស្លាប់កើនដល់ ៤៤នាក់

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា តួលេខអ្នកស្លាប់ដោយសារព្យុះហឺរីខិន Melissa បានបន្តកើនដល់៤៤នាក់ បន្ទាប់ពីវាបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅតាមបណ្តាប្រទេសដីកោះ នៃតំបន់សមុទ្រ Caribbean ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីព័ត៌មាននៃប្រទេសហ្សាម៉ាអ៉ីក បានប្រាប់ថា ក្នុងប្រទេសរបស់ខ្លួន តួលេខអ្នកស្លាប់គឺយ៉ាងហោច១៩នាក់ ប៉ុន្តែអាជ្ញាធរកំពុង​បន្តកិច្ចប្រឹងប្រែងរុករកនិងជួយសង្រ្គោះ។ ព្យុះ Melissa ជាដំបូង បានបោកបក់មកដល់ភាគនិរតីប្រទេសហ្សាម៉ាអ៉ីក កាលពីថ្ងៃអង្គារ ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិត៥ ដែលជាកម្រិតខ្ពស់បំផុត។ រីឯប្រទេសហៃទី ដែលមិនត្រូវបានព្យុះ Melissa វាយប្រហារចំផ្ទាល់​ក៏ដោយនោះ បានរាយការណ៍ពីមនុស្សស្លាប់យ៉ាងហោច២៥នាក់។

គួរបញ្ជាក់ថា ព្យុះហឺរីខិន Melissa ក៏បានវាយប្រហារលើភាគខាងកើតប្រទេសគុយបាផងដែរ ជាទីដែលមនុស្សប្រមាណ៧៣៥ ០០០នាក់ ត្រូវបានជម្លៀសទៅរកកន្លែងសុវត្ថិភាព ប៉ុន្តែមិនទាន់ឃើញមាន សេចក្តីរាយការណ៍ថា មានអ្នកបាត់បង់ជីវិតនៅឡើយទេ។ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ព្យុះ Melissa បានថយចុះថាមពលមកនៅកម្រិត Category 1។ បើតាមការវាយតម្លៃជាបឋម ទំហំនៃការបំផ្លិចបំផ្លាញនិងការខាតបង់សេដ្ឋកិច្ច បង្កឡើងដោយព្យុះហឺរីខិននេះ នៅតំបន់សមុទ្រ Caribbean គឺគិតជាទឹកប្រាក់ចន្លោះ ៤៨-៥២ពាន់លានដុល្លារ៕

ប្រភព៖ Fresh News

អត្ថបទពាក់ព័ន្ធ