Connect with us

Hi, what are you looking for?

ពិភពលោក

រថភ្លើងបុកគ្នា ឆក់យកជីវិតមនុស្ស ២១នាក់ និងរងរបួសជាច្រើននាក់ នៅអេស្ប៉ាញ

ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃចន្ទ ទី១៩ ខែមករា បានឱ្យដឹងថាមនុស្ស ២១នាក់បានស្លាប់ និង៧០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថភ្លើងល្បឿនលឿន ២គ្រឿងបុគ្នា នៅក្នុងតំបន់ Andalusia ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សោកនាដកម្មខាងលើកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។ អ្នកនាំពាក្យម្នាក់របស់ប៉ូលិសអេស្ប៉ាញបានប្រាប់ AFP ថាមានមនុស្ស ២១នាក់បានស្លាប់។ ចំណែក លោក Antonio Sanz ជាមន្ត្រីសង្រ្គោះបន្ទាន់ជាន់ខ្ពស់ម្នាក់បាននិយាយនៅឯសន្និសីទសារព័ត៌មានថាមានមនុស្សយ៉ាងហោច ៧៣នាក់បានរងរបួស ហើយចំនួនអ្នកស្លាប់ប្រហែលជាអាចនឹងកើនឡើង ព្រោះមានមនុស្ស ៣០នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនផ្លូវដែក Rail operator Iryo មានមនុស្សប្រហែលជា ៣០០នាក់ បានជិះនៅលើរថភ្លើងធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid។ អាជ្ញាធរកំពុងធ្វើ ការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ ស្របពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះផងដែរ៕

ប្រភព៖ Fresh News

អត្ថបទចាប់អារម្មណ៍ច្រើន