Connect with us

Hi, what are you looking for?

ពិភពលោក

តម្លៃប្រេងអន្តរជាតិ ហក់ឡើងដល់ជាង ១០០ដុល្លារវិញ ក្នុងមួយបារ៉ែល នាថ្ងៃព្រហស្បតិ៍នេះ

តម្លៃប្រេងអន្តរជាតិ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានកើនឡើងវិញ ក្រោយធ្លាក់ចុះបានបន្តិចកាលពីពេលថ្មីៗ ខណៈវិនិយោគិនពិនិត្យឡើងវិញលើទស្សនវិស័យ ដែលថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចធូរស្រាល ដ្បិតថាអ៉ីរ៉ង់នៅពិនិត្យមើលសំណើបញ្ចប់សង្គ្រាម ហើយអាមេរិកថានឹងវាយប្រហារកាន់តែខ្លាំង បើតេហេរ៉ង់មិនទទួលស្គាល់បរាជ័យក្នុងសង្រ្កាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent មានតម្លៃ ១០៣.៣៥ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១.១៣ដុល្លារ ឬ ១.១ភាគរយ។ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៩១.៤០ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១.០៨ដុល្លារ ឬ ១.២ភាគរយ។ បើប្រៀបធៀបនឹងថ្ងៃពុធ តម្លៃប្រេងឆៅទាំងពីរបានកើនឡើង ២ភាគរយវិញ ក្រោយធ្លាក់ចុះជិត ៦ភាគរយ។

ទោះបីជាបាននិយាយថា មានការពិនិត្យឡើងវិញលើសំណើដោះស្រាយរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមក៏ដោយ តែអ៉ីរ៉ង់ថាខ្លួនគ្មានចេតនាធ្វើកិច្ចចរចានោះទេ។ តាមសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនឹងវាយប្រហារអ៉ីរ៉ង់កាន់តែខ្លាំង ប្រសិនបើទីក្រុងតេហេរ៉ង់ មិនទទួលយកថាខ្លួនបានចាញ់ក្នុងសង្រ្គាម។

លោក Tsuyoshi Ueno សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI បានគូសបញ្ជាក់ថា «សុទិដ្ឋិនិយមទាក់ទងនឹងបទឈប់បាញ់ បានរលត់បាត់ទៅហើយ»។ លោកបន្ថែមថា របារដែលដាក់ដោយទីក្រុងវ៉ាស៉ីនតោនគឺកាន់តែខ្ពស់ ទុកឱ្យតម្លៃប្រេងងាយរងគ្រោះដោយភាពប្រែប្រួល ដែលអាស្រ័យលើការចរចា និងសកម្មភាពយោធានៃភាគីទាំងសងខាង៕

ប្រភព៖ Fresh News

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...