អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ថាផ្ទុះករណីសង្ស័យឆ្លងមេរោគដ៏កម្រ Hantavirus នៅលើ កប៉ាល់ទេសចរណ៍មួយក្នុងតំបន់មហាសមុទ្រ Atlantic បានសម្លាប់មនុស្ស៣នាក់ និង៣នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការផ្ទុះរាលដាលមេរោគខាងលើបានកើតឡើងនៅលើកប៉ាល់ឈ្មោះ MV Hondius ដែលធ្វើដំណើរចាកចេញពីទីក្រុង Ushuaia ប្រទេសអាហ្សង់ទីន ឆ្ពោះទៅកាន់ប្រទេសកាប់វែរ។ WHO បានប្រាប់ AFP ថាករណីមួយនៃការសង្ស័យឆ្លងមេរោគ Hantavirus ត្រូវបានបញ្ជាក់ក្នុងមន្ទីរពិសោធន៍ ខណៈមានការសង្ស័យលើការឆ្លងមេរោគនេះចំនួន៥ករណីបន្ថែមទៀត។ តាម WHO ក្នុងចំណោមអ្នកឆ្លងទាំង៦នាក់ មាន៣នាក់បានស្លាប់ និងម្នាក់កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
Hantavirus ជាមេរោគដ៏កាចសាហាវមួយដែលចម្លងជំងឺតាមរយៈការប៉ះពាល់ទឹកនោម និងលាមករបស់សត្វកកេរដែលមានផ្ទុកមេរោគនេះដូចជាសត្វកណ្ដុរ។ មេរោគនេះអាចបង្កជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ មេរោគនេះដែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីភរិយារបស់អតីតតារាសម្ដែងអាមេរិក លោក Gene Hackman គឺលោកស្រី Betsy Arakawa បានស្លាប់ដោយសារឆ្លងមេរោគ Hantavirus នៅក្នុងរដ្ឋ New Mexico កាលពីឆ្នាំ២០២៥៕
ប្រភព៖ Fresh News
