Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចតេជោជំរុញឱ្យដកតំណែង និងចាត់វិធានការច្បាប់លើមន្ត្រីពាក់ព័ន្ធ ឬអសកម្មក្នុងការបង្ក្រាបការឆបោកអនឡាញ

ភ្នំពេញ — ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដាច់ណាត់ថា ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើមិនបង្ក្រាបមន្ត្រីដែលជាប់ពាក់ព័ន្ធ និងដកចោលមន្ត្រីដែលគ្មានសកម្មភាពក្នុងការបង្ក្រាបនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានបែងចែកវិធានការជាពីរចរន្តសំខាន់ៗ ដោយកម្រិតទីមួយត្រូវអនុវត្តចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធផ្ទាល់នឹងការឆបោកអនឡាញ។ សម្តេចបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា មន្ត្រីក្រុមនេះមិនមែនត្រឹមតែត្រូវដកតំណែងនោះទេ គឺត្រូវតែចោទប្រកាន់ចំពោះមុខតុលាការថែមទៀត ព្រោះបើត្រឹមតែដកមុខតំណែង ពួកគេនៅតែមានលុយរាប់សែន ឬរាប់លានដុល្លារដែលបានមកពីអំពើខុសច្បាប់សម្រាប់ចាយវាយដដែល។ ជាមួយគ្នានេះ តុលាការត្រូវតែចេញដីកាការពារទ្រព្យសម្បត្តិ និងបើកការស៊ើបអង្កេត ហើយប្រសិនបើរកឃើញថាទ្រព្យសម្បត្តិទាំងនោះកើតចេញពីស្កែមអនឡាញ គឺត្រូវតែរឹបអូសជាដាច់ខាត។ សម្តេចតេជោបានបង្ហើបឱ្យដឹងផងដែរថា មានខេត្តខ្លះបានបើកដៃ និងដឹកពួកឆបោកចូលទៅក្នុងខេត្តរបស់ខ្លួនថែមទៀត ដែលសម្តេចបានហៅក្រុមនេះថាជា «មន្ត្រីមហន្តរាយសម្រាប់ប្រទេស» និងមិនត្រូវលើកលែងឱ្យរួចខ្លួនឡើយ។

ដោយឡែកសម្រាប់កម្រិតទីពីរ គឺវិធានការចំពោះមន្ត្រីអសកម្ម រាប់ចាប់តាំងពីចៅហ្វាយខេត្ត ឬចៅហ្វាយស្រុក ប្រសិនបើមិនព្រមធ្វើសកម្មភាព ឬធ្វើមិនដឹងមិនឮចំពោះការបង្ក្រាបបទល្មើសអនឡាញនេះទេ គឺត្រូវតែដកចេញពីតំណែងភ្លាម ហើយយកមកដាក់នៅកន្លែងថ្មី។ វិធានការដកតំណែងនេះ ក៏ត្រូវអនុវត្តដូចគ្នាដែរចំពោះកងកម្លាំងប្រដាប់អាវុធ រួមមានមេប៉េអឹម មេប៉ូលីស ឬមេទ័ពនៅតាមខេត្ត ដែលស្ថិតនៅក្រោមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី ប្រសិនបើរកឃើញថាមានភាពអសកម្ម។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកកាលពីសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រីថា យ៉ាងយូរត្រឹម ១៥ នាទី អនុក្រឹត្យដកតំណែងអាចចេញរួចរាល់ហើយ។ ជាមួយគ្នានេះ សម្តេចបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន នឹងប្រើពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះក្នុងការចេញអនុក្រឹត្យដកមន្ត្រីអសកម្ម ឬមន្ត្រីពាក់ព័ន្ធទាំងនោះ រួចប្រកាសភ្លាមៗតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសតាមសារព័ត៌មានអនឡាញ ដើម្បីបង្ហាញពីភាពដាច់ខាត និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...