តាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រះរាជពិធីបុណ្យខួប២០ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រត្រូវប្រារព្ធធ្វើពិធីសាសនាទៅតាមព្រះរាជប្បវេណីនៅថ្ងៃទី២៨ ខែតុលា។ ចំណែកការរៀបចំនៅថ្ងៃទី២៩ ខែតុលា ជាព្រះរាជពិធីថ្វាយព្រះពរនៅក្នុងព្រះបរមរាជវាំង ហើយនៅថ្ងៃទី៣០ ខែតុលា ដែលជាថ្ងៃចុងក្រោយនឹងមានរៀបចំមិទ្ទីញមហាជននៅខាងមុខព្រះបរមរាជវាំង។ គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានណែនាំឲ្យរាជធានី ខេត្តរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះមហាក្សត្រ តុបតែងលម្អភ្លើងបំភ្លឺ ទង់ជាតិ ទង់សាសនា បដាពាក្យស្លោកជាដើម ព្រមទាំងមានកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺតាមមន្ទីរពេទ្យ កុមារកំព្រា ជនពិការ និងចាស់ជរាដែលគ្មានទីពឹង។
ជាមួយគ្នានេះ ក្រសួងសាសនា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្រសួងហិរញ្ញវត្ថុជាដើមក៏ត្រូវបានណែនាំឲ្យរៀបចំពិធីខួបលើកទី២០ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រទៅតាមតួនាទី និងការទទួលខុសត្រូវរៀងៗស្ថាប័ន។
បន្ទាប់មកនៅពេលយប់ គឺមានការអុចកាំជ្រួចរយៈពេល ៣យប់ជាប់គ្នាដើម្បីឲ្យពិធីបុណ្យប្រព្រឹត្តទៅក្នុងទម្រង់ជាមហោឡារិកជាងរាល់ឆ្នាំ។ ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ ក៏បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះមហាក្សត្រជាបន្តបន្ទាប់នៅក្នុងឱកាសខួបឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រលើកទី២០ នេះ។

–
សូមរំលឹកថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស.២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជ រដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេចយក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ៕



























