Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនជាតិវៀតណាមចូលមករំដោះអ្នកទោស​ដល់ពន្ធនាគារ​ខេត្ត​ស្វាយរៀង សមត្ថកិច្ច​កំពុងស្រាវជ្រាវ​ចាប់ខ្លួន​មក​វិញ

អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង ត្រូវបក្ខពួកចូលទៅរំដោះទាំងកណ្តាលថ្ងៃ រួចហើយជិះម៉ូតូគេចខ្លួនបាត់ កាលពីវេលាម៉ោងប្រមាណ ៤៖២៥នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀង ស្ថិតភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលក្រុងស្វាយរៀង និងមន្រ្តីពន្ធនាគារខេត្ត បានចុះស្រាវជ្រាវ រកបក្ខពួកអ្នកទោស រហូតដល់វេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ទើបបានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅផ្ទះសំណាក់ចំនួន២គឺផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ និងផ្ទះសំណាក់ សុខហេង ហើយសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធតែម្តង។

នៅវេលាម៉ោង ៦៖៣០នាទីយប់ថ្ងៃទី២៨ ខែតុលា សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង, ជាលទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៣នាក់ (ស្រី២នាក់) យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ដោយអ្នកទោសដែលជាប់ឃុំនោះរកមិនទាន់ឃើញនោះទេ។

ចំណែកជនជាតិវៀតណាមចំនួន២នាក់ទៀត (ស្រីម្នាក់) បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បាន១អាទិត្យមកហើយ ដែលស្រ្តីរូបនេះទំនងជាប្រពន្ធរបស់អ្នកជាប់ឃុំ។ ជនជាតិវៀតណាមដែលជាប់ឃុំនោះ ពាក់ព័ន្ធបទល្មើសរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រឹត្តិនៅក្រុងបាវិត។

ទាក់ទិនករណីនេះ មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា មុនដំបូងមានជនជាតិវៀតណាមម្នាក់ភេទប្រុស បានមកសុំមន្ត្រីនគរបាលយាមពន្ធនាគារ សុំជួបសួរសុខទុក្ខអ្នក​ទោសដែលជា​ប់ឃុំ ពេលនោះមន្ត្រីយាមពន្ធនាគារបាននាំជនអ្នកទោស ពីក្នុងពន្ធនាគារនៅទ្វារខាងមុខ។

ខណៈដែលអ្នកជា​ប់ឃុំដើរដល់មាត់ទ្វារខាងមុខ ស្រាប់តែបក្ខពួកដែលមកសួរសុខទុក្ខ បានដកអាវុធខ្លីភ្ជង់មន្ត្រីពន្ធនាគារ ហើយពេលនោះជនដែលជាប់ទោស បានកញ្ឆក់យកអាវុធខ្លីពីបក្ខពួករបស់ខ្លួន រួចកេះកៃកាំភ្លើងបាញ់ទៅលើ មន្ត្រីពន្ធនាគារសំណាងល្អ អត់ផ្ទុះ បើផ្ទុះមិនដឹងថាវាសនាយ៉ាងណានោះទេ។

ភ្លាមៗជនទាំងពីរនាក់ បានឡើងជិះម៉ូតូចេញទៅ ហើយត្រូវបានមន្ត្រីអនុរក្សពន្ធនាគារម្នាក់ថ្នាក់វរសេនីយ៍ រត់ដេញតាមម៉ូតូពួកគេ ហើយក៏មានមន្ត្រីនគរបាលម្នាក់ស្រែកថា វាមានកាំភ្លើង ប្រយ័ត្ន ខណៈនោះមន្ត្រីនគរបាលរូបនោះ ភ័យក៏ឱនក្រាបទៅលើដី ជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។ បើតាមសមត្ថកិច្ច បានមើលរូបតាមកាម៉ារាសុវត្ថិភាព ឃើញជនសង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។

ម្ចាស់ផ្ទះសំណាក់សុខហេង បានឲ្យដឹងថា មានជនជាតិវៀតណាម៥នាក់ (ស្រី៣នាក់) បានមកជួលបន្ទប់ស្នាក់នៅចំនួន៣បន្ទប់ រយៈពេលកន្លះខែមកហើយ គឺតាំងបុណ្យឆ្លងបុណ្យភ្ជំបិណ្ឌរួច ហើយឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨-៩នាក់ យកទៅឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ។ ចំពោះជនជាតិវៀតណាមស្រីប្រុស២នាក់ មកស្នាក់នៅបាន១អាទិត្យ ក៏បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភស្នាក់នៅ ដោយនិយាយថា ផ្ទះសំណាក់សុខហេងថ្លៃ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ប្រទេសជប៉ុន សម្រេចផ្ដល់ឥ...

ពិភពលោក

យ៉ាងហោចណាស់មនុស្សចំនួន ១...