អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ ឈ្មោះ អ៊ុត ធី ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។ ចំណែក ឈ្មោះ មួង ឃីម និង ឈ្មោះ ដួង តារា ត្រូវបានតំណាងអយ្យការចោទពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។
ដោយឡែក លោ លី សាម៉េត ត្រូវចោទពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពេីពុករលួយ។
តើអ្វីជាបទជំនួញឥទ្ធិពលអកម្ម?
មាត្រា ៥៩៥ នៃក្រមព្រហ្មទណ្ឌ បានផ្ដល់និយមន័យ ជំនួញឥទ្ធិពលអកម្ម ថា ជាអំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទូចសុំ ឬយល់ព្រមទទួលដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោល នូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍ណាមួយ ដើម្បីទទួលបានពីស្ថាប័នរដ្ឋ ដោយសារឥទ្ធិពលពិតប្រាកដ ឬដោយសន្មតនូវការងារ លទ្ធកម្មសាធារណៈ គ្រឿងសម្គាល់កិត្តិយស ឬសេចក្ដីសម្រេចអនុគ្រោះផ្សេងៗដទៃទៀត ។
និយាយឱ្យស្រួលស្ដាប់ទៅ ប្រសិនបើបុគ្គលណាម្នាក់ជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈ ហើយគាត់នោះបានយកឥទ្ធិពល ឬ តួនាទីរបស់គាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការសម្រេចផ្សេងៗ ឬក៏បានផ្តល់គ្រឿងសម្គាល់កិត្តិយស ឬក៏ផ្តល់នូវការងារលទ្ធកម្មសាធារណៈ ឬ សេចក្តីសម្រេចអនុគ្រោះផ្សេងទៀតនោះគេហៅថាៈ «ជំនួញឥទ្ធិពលអកម្ម» ។
សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនបុគ្គល ២នាក់បន្ថែមទៀតគឺ លោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹង លោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។
បច្ចុប្បន្ន ជនត្រូវចោទទាំង ៤នាក់ ត្រូវបានចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន រង់ចាំការសម្រេចបើកសវនាការជំនុំជំរះក្តី៕



























