ប៉ូលិសស័ក្តិ៥ម្នាក់ ដែលមានតួនាទីជាប្រធានសាខាប្រមូលថវិកា នៃនាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញកិច្ចក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយដកកាំភ្លើងបាញ់គូទំនាស់ពីរនាក់ប្តីប្រពន្ធរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៧ វិច្ឆិកា នៅចំណុចភូមិព្រែកប្ញស្សីលិច សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។
បើតាមប្រភពថា នៅមុនពេលកើតហេតុ ខណៈលោកស័ក្តិ៥ ដែលគេស្គាល់ឈ្មោះថា សយ សុផានី អាយុ៥៩ឆ្នាំ កំពុងអង្គុយសរសេររបាយការណ៍ក៏ស្រាប់តែមានប្តីប្រពន្ធពីរនាក់ជិះ Pass app ដោយប្តីជាអ្នកបើកបានចត ហើយដើរទៅធាក់ទ្វារផ្ទះទាំងអាការៈស្រវឹង ខណៈប្រពន្ធក៏ស្រវឹង និងស្រែកឡូឡាជេរលោកស័ក្តិ៥ បង្កជាជម្លោះពាក្យសម្តីខ្លាំងរហូតលោកស័ក្តិ៥ទ្រាំមិនបាន ក៏ទាញកាំភ្លើងបាញ់ទៅលើពីរនាក់ប្តីប្រពន្ធតែម្តង ដោយប្តីត្រូវចំនួន៣គ្រាប់ ហើយប្រពន្ធត្រូវជើង១គ្រាប់។
សូមបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ខណៈជនរងគ្រោះជាប្តីឈ្មោះ ស៊ាង តូម៉ា អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី និងប្រពន្ធឈ្មោះ ជា សុភី អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕