Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មន្រ្តី ៖ បទល្មើសជួញដូរ​មនុស្ស​នៅ​កម្ពុជា ភាគច្រើន​បង្ក​ឡើង​ដោយ​ជនបរទេស

ក្នុង​កិច្ច​ប្រជុំមួយ​កាលពី​ថ្ងៃអង្គារ (១៩ វិច្ឆិកា) មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបាន​អះអាងថា បច្ចុប្បន្នកម្ពុជាកំពុងតែដោះស្រាយនូវភាពរងគ្រោះពីបញ្ហាបទល្មើសជួញដូរមនុស្សបង្កដោយជនបរទេស ខណៈបទល្មើសទាំងនោះសុទ្ធសឹងតែមានលក្ខណៈសាំញ៉ាំ ហើយជនល្មើសសម្បូរដោយល្បិចកល។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា (គ.ជ.ប.ជ) មានប្រសាសន៍ថា អំពើជួញដូរមនុស្សភាគច្រើននៅ​កម្ពុជា គឺ​បង្កឡើងដោយជនបរទេស ហើយមានច្រើនទម្រង់ និងប្លែកៗ។ លោកស្រីបន្តថា ករណីខ្លះជនបរទេសជាជនល្មើសធ្វើការបោកប្រាស់ និងជួញដូរជនរងគ្រោះរស់នៅក្នុងប្រទេសកម្ពុជា និងករណីខ្លះទៀត ជនល្មើសសម្ងំរស់នៅកម្ពុជា ប៉ុន្តែធ្វើការបោកប្រាស់ ឬអូសទាញជនរងគ្រោះនៅប្រទេសផ្សេងៗ។

ចំពោះបញ្ហាបទល្មើសជួញដូរមនុស្សនេះ ករណីខ្លះជនបរទេស ជាជនល្មើសបោកប្រាស់ជនជាតិផ្សេង ឬពលរដ្ឋខ្មែរ ហើយករណីខ្លះពួកគេបោកប្រាស់ជនជាតិដូចគ្នា ដោយបញ្ហាជួញដូរ ស្ថិតក្រោមរូបភាពច្រើន ដូចជាការពពោះជំនួស ការគំរាមកំហែង និងសកម្មភាពផ្សេងៗតាមអនឡាញ ការតេតាមទូរសព្ទ ឬជួបផ្ទាល់។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាអសកម្មទាំងនោះ លោកស្រី ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធបន្តខិតខំដោះស្រាយ និងទប់ស្កាត់នូវរាល់ទម្រង់ នៃបទល្មើសជួញដូរផ្សេងៗ តាមរយៈការអប់រំផ្សព្វផ្សាយ និងទប់ស្កាត់នៅតាមច្រកព្រំដែនជាដើម។ លោកស្រីសង្កត់ធ្ងន់ថា«សមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានភាពឈឺចាប់ នៅពេលដែលបរទេស ដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងបញ្ជីជាប្រទេសមានចំណាត់ថ្នាក់ទាប ពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស ដោយត្រូវរួមប្រឹងប្រែងដោះស្រាយ កុំឱ្យមានការបណ្ដែតបណ្ដោយ»។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាត្រូវជាប់ចំណាត់ថ្នាក់កម្រិតទី៣ ជាប្រទេសដែលលុបបំបាត់ការជួញដូរមនុស្ស ដោយមិនបានគោរពពេញលេញនូវបទដ្ឋានអប្បបរមាក្នុងការចូលរួម និងលុបបំបាត់ការជួញដូរមនុស្សគ្រប់ទម្រង់ឱ្យបានពេញលេញ និងប្រសិទ្ធភាព។ នេះបើតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សកម្ពុជាឆ្នាំ២០២៤ របស់ក្រសួងការបរទេសអាម៉េរិក ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ៕

អត្ថបទពាក់ព័ន្ធ