Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ការផ្លាស់ប្តូរ​រដ្ឋមន្រ្តីការបរទេស នាយករដ្ឋមន្រ្តី​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​ត្រូវ​បង្កើន​ប្រសិទ្ធិភាព ដើម្បីទប់ទល់​នឹង​សភាពការណ៍​ខាងក្រៅ

ភ្នំពេញ – ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់សមាជិក-សមាជិការដ្ឋសភា អំពីការត្រៀមលក្ខណៈទុកជាមុនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ទល់នឹងសភាពការណ៍ពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន ដូចជា ការកើនកម្តៅកាន់តែខ្លាំងនូវភូមិសាស្ត្រនយោបាយ និងការកើនឡើងនូវការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច ជាដើម។ ផ្អែកតាមសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី កិច្ចការការបរទេស គឺជាកិច្ចការដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនប្រសិទ្ធភាព ដើម្បីទប់ទល់នឹងសភាពការណ៍ខាងក្រៅសព្វថ្ងៃនេះ។

សម្តេចធិបតី ថ្លែងថា “ដើម្បីជំរុញការលើកកម្ពស់ធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលអាចផ្លាស់ប្ដូរចេញពីតំបន់ផ្សេង..រាជរដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ក្នុងការបង្កើន និងការពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំអនុវត្តការងាររបស់ខ្លួន ជាពិសេសក្នុងវិស័យការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្ម ដោយផ្តោតជាសំខាន់លើការជំរុញអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន”។ ការបង្កើនប្រសិទ្ធភាពការងារផ្នែកការបរទេសនេះ គឺជាហេតុផលដែលប្រមុខរាជរដ្ឋាភិបាលជម្រាបដល់រដ្ឋសភា និងសុំឱ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចូលធ្វើជារដ្ឋមន្រ្តីការបរទេសសាជាថ្មី ជំនួសលោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា។

ជាលទ្ធផល សមាជិក-សមាជិការដ្ឋសភា១១២រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំពេញអង្គ បានបោះឆ្នោតគាំទ្រទាំងអស់គ្នាតែម្ដង លើសំណើរបស់ប្រមុខរាជរដ្ឋាភិបាល អំពីការដោះដូររដ្ឋមន្រ្តីការបរទេសនេះ។ សម្តេចនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា លោក ប្រាក់ សុខុន មានបទពិសោធក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយលោក សុខ ចិន្តាសោភា វិញ មានបទពិសោធក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម។ ដោយយោងទៅលើបទពិសោធផ្សេងគ្នានេះ ប្រមុខរាជរដ្ឋាភិបាល វាយតម្លៃថា ការដោះដូរតួនាទីរបស់លោកឧបនាយករដ្ឋមន្រ្តីទាំង២នាពេលនេះ ពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្ម លើឆាកអន្តរជាតិ។ មេដឹកនាំកម្ពុជា មើលឃើញថា ទោះសភាពការណ៍ខាងក្រៅ មានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន តែកម្ពុជា ក៏អាចទទួលបានកាលានុវត្តភាពដែរ បើកម្ពុជាអាចបត់បែន និងតាមទាន់សភាពការណ៍ពិភពលោក៕

អត្ថបទពាក់ព័ន្ធ