ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឡាវ ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ
ភ្នំពេញ – នៅព្រឹកថ្ងៃទី៤ ធ្នូ នេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន (Vandala SIPHANDONE) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវនៅកម្ពុជានេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបំណងពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

–
ក្នុងអំឡុងពេលនៃទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្រ្តីឡាវ នឹងចូលក្រាបថ្វាយបង្គមគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយបន្ទាប់នាយករដ្ឋមន្រ្តីឡាវ ក៏គ្រោងនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តីនៅវិមានសន្តិភាព ដែលនាយករដ្ឋមន្រ្តីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ៕
