កាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ មានករណីបាក់ច្រាំងទន្លេ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ដោយសង្កត់ទៅលើទូក៣គ្រឿង ។ ករណីនេះបានបង្កឱ្យមនុស្ស៤នាក់គ្រោះថ្នាក់ ក្នុងនោះម្នាក់របួសស្រាល ពីរនាក់របួសធ្ងន់ និងម្នាក់ទៀតបាត់ខ្លួន។
គិតត្រឹមរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រតិបត្តិរុករកជនរងគ្រោះក្នុងឧប្បតិហេតុបាក់ច្រាំងទន្លេសង្កត់លើទូកក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល គេមិនទាន់រកឃើញសាកសពនៅឡើយទេ។
បើតាមរដ្ឋបាលខេត្តកណ្តាល ករណីបាក់ច្រាំងនេះ គឺដោយសារតែគ្រោះធម្មជាតិ ក្នុងនោះច្រាំងដែលបាក់ចូលទន្លេមេគង្គ គឺមានប្រវែងជាង៣០០ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជម្រៅ៧ម៉ែត្រ ។ ទីតាំងបាក់ស្រុតនេះ គឺកៀកនឹងលំនៅឋានរបស់ប្រជាពលរដ្ឋផងដែរ។
ក្រោយកើតមានករណីនេះ លោក គួច ចំរើន អភិបាលខេត្តកណ្តាលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសវាងនូវគ្រោះអកុសលនានា ដែលអាចកើតមានជាយថាហេតុ ជាមួយគ្នានេះ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវរកកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព៕



























