ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីឱ្យសិក្សាគម្រោងសាងសង់ស្ពានលើទឹក ឬក្រោមទឹក ភ្ជាប់ពីតំបន់អរិយក្សត្រទៅកាន់កោះនរា
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ឱ្យវិស័យឯកជនធ្វើការសិក្សាទៅលើលទ្ធភាព គម្រោងសាងសង់ស្ពានទាំងលើទឹក ឬក្រោមទឹក ពីទីក្រុងមេគង្គឃី តំបន់អរិយក្សត្រ ទៅកាន់កោះនរា ដោយថា នេះជាតម្រូវការនៃសរសៃតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ខណៈនៅក្នុងទីក្រុងភ្នំពេញ អាចមានការកកស្ទះ ដោយសារលំហូរចរាចរណ៍មមាញឹក ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ទោះបីជាទីក្រុងភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេ មកទល់នឹងពេលនេះច្រើនយ៉ាងណាក្តី ក៏នៅមិនទាន់បំពេញតម្រូវការ នៃការធ្វើដំណើរគ្រប់គ្រាន់ឡើយ ហេតុនេះ សម្តេចក៏បានឱ្យវិស័យឯកជន សិក្សាសាងសងស្ពានបន្ថែម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “មុនយើងមានស្ពាន១កន្លះ ស្ពានព្រះមុន្នីវង្ស ហើយស្ពានជ្រោយចង្វារដាច់មួយកំណាត់ ឥឡូវទាំងស្ពានព្រះមុន្នីវង្ស ទាំងស្ពានជ្រោយចង្វារឡើង២គន្លងរួចទៅហើយ នៅមិនទាន់គ្រប់ ។ ជិះមកមិញឆ្លងកាត់ស្ពានព្រែកសំរោងនោះក៏មាន នៅខាងនោះ ស្ពាន ដែលឆ្លងកាត់ចាក់អង្រែ មកមុខព្រែប្រា ស្ពានពី OCIC ស្ពានមួយឆ្លងកាត់ទៅខាងឬស្សីកែវ អត់ទាន់គ្រប់ទេ ឥឡូវថែមស្ពានមួយទៀត នៅកន្លែងនេះ សម្រាប់មកអរិយក្សត្រ ក៏អត់ទាន់គ្រប់ដែរ”។
សម្តេចធិបតី មានប្រសាសន៍ទៀតថា “ចឹងគឺត្រូវបង្កើតសរសៃតភ្ជាប់ឱ្យបានច្រើន ហើយយើងឃើញនៅក្នុងទីក្រុងទំនើបជាច្រើន ដែលសកម្មភាពសេដ្ឋកិច្ច គឺប្រព័ន្ធតភ្ជាប់ទាំងអាលើទឹក ទាំងអាក្រោមទឹក គឺវាជួយច្រើន ចឹងខ្ញុំជឿថា នៅទីនេះ ក្រៅពីស្ពានមិត្តភាពកូរ៉េ ដែលរៀបចំហើយ កន្លែងសកម្មភាពសេដ្ឋកិច្ចនៅទីនេះ ក៏កាន់តែច្រើន អាចជួយកាត់បន្ថយ នៅការធ្វើដំណើរ ពេលវេលានៃការធ្វើដំណើរ នៅថ្ងៃក្រោយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពីអរិយក្សត្រ ទៅផ្លូវជាតិលេខ៨ ដោយមិនចាំបាច់ឡើងទៅស្ពានព្រែកតាមាក់ ក៏ជួយដោះស្រាយប្រជាពលរដ្ឋនៅទីនេះ” ។
សម្តេចធិបតី បញ្ជាក់ថា “ហើយខ្ញុំអម្បិញនេះ ឃើញមានការសិក្សា នៃការតភ្ជាប់ ពីខាងកោះនរានេះ ទៅខាងរាជធានីភ្នំពេញ បន្ថែម ហើយខ្ញុំបានឱ្យវិស័យឯកជនសិក្សាមើល តភ្ជាប់រវាងកោះនេះ នៅទីនេះ ជាមួយនឹងកោះនរានៅខាងនោះ សិក្សាពីរជម្រើសទាំងអាផ្លូវខាងលើ ស្ពានខាងលើ និងអាក្រោមទឹក ដើម្បីធ្វើយ៉ាងណាភ្ជាប់ ព្រោះដើម្បីភ្ជាប់បើកច្រកប្រជាពលរដ្ឋ ដែលរស់នៅទីនេះ ថ្ងៃក្រោយគឺថា អាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ”៕
