តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Maris Sangiampongsa រដ្ឋមន្រ្តីការបរទេសថៃ លើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងថៃ។
រដ្ឋមន្រ្តីការបរទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដែលបានពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្រ្តកម្ពុជា-ថៃ និងបានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះកំណើននៃពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ ព្រមទាំងបានថ្លែងសរសើរការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងភ្នាក់ងារអនុវត្តច្បាប់ នៃប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈម នៃឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប។
ក្នុងនោះដែរ លោក ប្រាក់ សុខុន និងសមភាគីថៃ ក៏បានពិភាក្សាលើការរៀបចំសកម្មភាពរួមគ្នាដើម្បីរំលឹកខួបលើកទី៧៥ នៃទំនាក់ទំនងការទូត ហើយនឹងទន្ទឹងរង់ចាំកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ ដែលនឹងរៀបចំឡើងនៅប្រទេសថៃនៅឆ្នាំ២០២៥ ដើម្បីស្វែងរកមធ្យោបាយ និងវិធី ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធានាថា ប្រជាជាតិទាំងពីរកាន់តែទទួលបានវិបុលភាពរួមគ្នា និងភាពជាអ្នកជិតខាងល្អសម្រាប់ឆ្នាំខាងមុខ៕


























