ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រយ័ត្នប្រយែងខ្ពស់ បន្ទាប់ពីព្យាករឃើញឥទ្ធិពលកូនព្យុះឈ្មោះ ប៉ាប៊ូក (PABUK T2426) បោកបក់មកលើកម្ពុជា ក្នុងសប្តាហ៍នេះ។
ក្រសួងបញ្ជាក់ថា យោងតាមការអង្កេតពិនិត្យ វិភាគលើស្ថានភាពធាតុអាកាសនៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ក្រសួងធនធានទឹក នៅថ្ងៃទី២៤ធ្នូ បានរកឃើញថា ប្រព័ន្ធវិសម្ពាធ ឬកូនព្យុះដែលត្រូវបានដាក់ឈ្មោះថា ប៉ាប៊ូក (PABUK T2426) បាននិងកំពុងស្ថិតក្នុងសមុទ្ទចិនខាងត្បូង ក្បែរប្រទេសវៀតណាមភាគខាងត្បូង ហើយកូនព្យុះនេះ នឹងងចូលមកដល់ឆ្នេរភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី២៦ ធ្នូ។
ដោយឡែក ចំពោះប្រទេសកម្ពុជា ឥទ្ធិពលព្យុះនេះនឹងមកដល់ក្នុងកម្រិតពីតិចតួចទៅមធ្យម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ធ្នូ។ ស្ថានភាពបែបនេះ នឹងបណ្តាលឱ្យ តំបន់ទាំងបីរបស់កម្ពុជា មានពពកច្រើនដេរដាស។ តំបន់វាលទំនាប ភ្លៀងធ្លាក់ពីតិចទៅមធ្យម គ្របដណ្ដប់លើផ្ទៃដី១០ទៅ២០ភាគរយ មានខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) ក្នុងល្បឿន ៩ ទៅ១២ម៉ែត្រក្នុង១វិនាទី។ តំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ពីតិចទៅមធ្យម គ្របដណ្ដប់លើផ្ទៃដី១០ទៅ២០ភាគរយ និងមានខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿន១១ម៉ែត្រ ទៅ១៤ម៉ែត្រក្នុង១វិនាទី។
រីឯ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់តិចតួច គ្របដណ្ដប់លើផ្ទៃដីពី ៥ទៅ១០ភាគរយ ខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿនពី១០ទៅ១៣ម៉ែត្រក្នុង១វិនាទី នៅតាមតំបន់ឆ្នេរ និងលើផ្ទៃសមុទ្ទដូចជា៖ ខេត្តកោះកុង ព្រះសីហនុ កំពត ជួរភ្នំបូកគោ និងខេត្តកែប។ រលកសមុទ្ទមានកម្ពស់ពី០,៥០ម៉ែត្រ ទៅ ១,០០ម៉ែត្រ។ ដូច្នេះ សូមអំពាវនាវដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសជាមួយនឹងខ្យល់កន្ត្រាក់ និងរលកសមុទ្ទ ដែលមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕ 
