ក្រុមក្មេងទំនើងដាក់រហ័សនាម «Team22» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានសរុប៥នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី។
ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលដាក់រហ័សនាមខ្លួនឯងជា «Team22» បានធ្វើឡើង បើទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ, នៅពេលនេះកម្លាំងអាវុធហត្ថកំពុងនាំខ្លួនពួកគេមកសួរនាំនៅបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមច្បាប់៕

