ទីបំផុតទៅ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញផ្សាយនូវរបាយការណ៍ពាក់ព័ន្ធករណីរថយន្តស៊ឺរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ ដែលនាំមុខរថយន្តអ្នកលក់ឡេ ទៅស៊ីកានៅខេត្តពោធិ៍សាត់ ដែលនាំឱ្យមានការរិះគន់។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលើកឡើងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្តស៊ឺរ៉ែនអូសក្បួននោះ ហើយបានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។
ក្រោយពីបានស្តាប់ដំណើររឿង និងអង្គហេតុរួច កម្លាំងជំនាញកងរាជអាវុធហត្ថបានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹងអំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើបែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។
ដោយឡែកចំពោះម្ចាស់រថយន្តស៊ឺរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូនអង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រថយន្តស៊ីរ៉ែន គឺជារថយន្តមានភ្លើងសញ្ញាពិសេស សូរសព្ទពិសេស និងមានអាទិភាពចំពោះការធ្វើចរាចរណ៍។ ថយន្តស៊ីវ៉ែនត្រូវប្រើប្រាស់សម្រាប់តែយានមានសិទ្ធិអាទិភាព ដូចជាយានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ និងយាននរបាល យោធានា កងរាជអាវុធហត្ថសម្រាប់នាំមុខក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ និងសម្រាប់ក្បួនគណៈប្រតិភូអន្តរជាតិ។
លោកបន្ថែមថា ក្បួនយានយន្តស៊ីរ៉ែននគរបាលឬកងរាជអាវុធហត្ថសម្រាប់ហែថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមានក្បួនព្រះទីន័ងព្រះមហាក្សត្រនិងសម្ដេចម៉ែ ក្បួនរថយន្តប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងគណៈប្រតិភូអន្តរជាតិមានឋានៈចាប់ពីរដ្ឋមន្ត្រីឡើងក្រោមការស្នើសុំពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ លោកបញ្ជាក់ថា ក្នុងករណីមិនបំពេញភារកិច្ចពិសេស ឬភារកិច្ចសង្គ្រោះ គឺគ្មានសិទ្ធិប្រើប្រាស់រថយន្តស៊ីរ៉ែនសម្រាប់ធ្វើចរាចរណ៍បានឡើយ ក្នុងករណីប្រើប្រាស់ដោយបំពាន គឺត្រូវឃាត់ទុកយាន ហើយធ្វើកំណត់ហេតុបញ្ជូនទៅកាន់តុលាការ។ «ក្រៅពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសនិងគណៈប្រតិភូអន្តរជាតិ គឺគ្មានបុគ្គលឯកជនឯណាអាចប្រើប្រាស់រថយន្តស៊ីរ៉ែននាំផ្លូវបានឡើយ»៕


























