អង្គភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានឱ្យដឹងថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណងចំនួន ៤.៤ លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការងារលុបបំបាត់គ្រាប់មីន។ ជំនួយនេះស្ថិតនៅក្រោម “គម្រោងជំនួយចិន លុបបំបាត់គ្រាប់មីននៅកម្ពុជា” ហើយនឹងអនុវត្តនៅលើរយៈពេល ១២ ខែ (១ មីនា ២០២៥ – ២៨ កុម្ភៈ ២០២៦)។
គម្រោងនេះនឹងគាំទ្រកិច្ចប្រតិបត្តិការនៅ ៧ ខេត្ត រួមមាន កំពង់ធំ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ ព្រមទាំង មណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង។ អ្នកជំនាញបច្ចេកទេសជាង ៤០០ នាក់ នឹងចូលរួមអនុវត្តបេសកកម្មសំខាន់ៗចំនួន ៤ រួមមាន៖
- បោសសម្អាតផ្ទៃដី ចំនួនជាង ៣.៤០០ ហិកតា ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ។
- ស្រាវជ្រាវ ព័ត៌មានអំពីគ្រាប់មីន, UXO និងគ្រាប់បែកចង្កោម។
- ពង្រឹងសមត្ថភាព វិទ្យាស្ថានបច្ចេកទេសសុនខ។
- ពង្រឹងការអប់រំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន។
ជំនួយនេះគឺជាឆ្នាំទី ៣ នៃដំណាក់កាលទី ៣ (មីនា ២០២៣ – កុម្ភៈ ២០២៦) ដែលមានថវិកាសរុបចំនួន ១៣.២ លានដុល្លារ។

សូមបញ្ជាក់ដែរថា គិតពីឆ្នាំ ២០១៨ ដល់ ២០២៤ អង្គភាព CMAC បានសម្រេចរំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ ហិកតា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់, ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦.៦៦៨ សំណើ, អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង១.៨៦៦.៧០០នាក់, ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់។
យ៉ាងណាក៏ដោយ សម្រាប់ការផ្តល់ជំនួយរបស់រដ្ឋាភិបាលចិនដល់កម្ពុជា គឺដើម្បីលុបបំបាត់គ្រាប់មីន និងអភិវឌ្ឍសង្គមជឿនលឿនជាងមុន៕


























