Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កុំភ្លេច ព្រឹត្តិការណ៍សមរាត្រីប្រាសាទអង្គរ Equinox Angkor ចន្លោះថ្ងៃទី២១ ដល់២៣ មីនា

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ នឹងកើតឡើង​នៅ​ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីវេលាម៉ោង៥ព្រឹក ដល់​ម៉ោង៦ និង៣០នាទី។

ព្រឹត្តិការណ៍នេះ បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។

បើតាម​ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និង ផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ យោង​តាម​របាយការណ៍ ព្រឹត្តិការណ៍សមរាត្រី កាលពីឆ្នាំទៅ ដែល​កើតមាននៅ​ថ្ងៃទី ២២ ខែមីនា បានទាក់ទាញ​ទេសចរទៅទស្សនា​ជិត ១២០០០ នាក់ ជាមួយនឹង​ភ្ញៀវ​បរទេស​ជាង ២៦០០ នាក់​ ហើយ​​បាតុភូត​ទី​២ ដែល​កើតឡើង​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​សរុប​ចំនួន ៣៨២៣៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ៣៦​២០០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២​០៣៦​នាក់​៕

អត្ថបទពាក់ព័ន្ធ