Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចតេជោសរសើរភាពក្លាហានរបស់លោក ដូណាល់ ត្រាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មានក្លែងក្លាយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គម​កាលពីយប់ថ្ងៃចន្ទ បានធ្វើការ​កោតសរសើរ​ចំពោះ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មានក្លែងក្លាយ តាមរយៈ​ការ​ឈប់ផ្តល់ជំនួយ​ដល់វិទ្យុអាស៊ីសេរី វិទ្យុសម្លេង​សហរដ្ឋអាមេរិក ក៏​ដូចជា​វិទ្យុអឺរ៉ុបសេរី។

សម្តេចតេជោ បានសរសេរនៅលើបណ្តាញសង្គមថា “យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់​ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន”។ នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាសុីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។

ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។

សម្តេចតេរជោ​លើកឡើងថា ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ “សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ”៕

អត្ថបទពាក់ព័ន្ធ