កំពង់ចាម — លោក ហែម គឹមសាធ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកកងមាស ត្រូវបានអភិបាលខេត្តកំពង់ចាម ណែនាំអោយបញ្ចប់មុខតំណែង និងដកចេញពីតួនាទីជាប្រធានការិយាល័យ ដោយផ្លាស់ទៅធ្វើការជាមន្ត្រីធម្មតានៅសាលាស្រុកកងមាស។ ដំណើរការនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងាររបស់រដ្ឋបាលខេត្ត រកឃើញថា លោកបានយកលុយពីប្រជាពលរដ្ឋចំនួន ៣៦០ដុល្លារ ដើម្បីកែសំបុត្រកំណើត។
សូមបញ្ជាក់ថា ករណីផ្ទុះរឿងអាស្រូវ របស់លោក ហែម គឹមសាធ យកលុយពលរដ្ឋ ដើម្បីកែសំបុត្រកំណើត បានកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោយមានការប្តឹងថា ឈ្មោះ ហែម គឹមសាធ ដែលមានឋានៈជាប្រធានការិយាល័យអត្រនុកូលដ្ឋានស្រុកកងមាស នៃរដ្ឋបាលខេត្តកំពង់ចាម បានកែសំបុត្រកំណើតឱ្យពលរដ្ឋម្នាក់ ពីឈ្មោះឆេង សុឃ័ស មកឈ្មោះ ឆេង ឃ័ស រស់នៅភូមិក្តី ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើពេលអស់ជាង៣ខែ ហើយបានយកលុយពីពលរដ្ឋនោះចំនួនពីរលើក អស់លុយ៣៦០ដុល្លារ ទើបសម្រេចបាន។
“កំហុសនេះមិនមែនជាបន្ទុករបស់ប្រជាពលរដ្ឋទេ ព្រោះវាកើតពីការសរសេរខុសរបស់មន្ត្រី។ តើហេតុអ្វីបានជាប្រជាពលរដ្ឋត្រូវទទួលខុសត្រូវ?”
ភ្លាមៗនោះ លោក ហែម គឹមសាធ បានធ្វើការបដិសេធ ដោយថា លោកលោកមិនបានប្រព្រឹត្ត ដូចការលើកឡើង របស់ប្រជាពលរដ្ឋនោះទេ។
ទោះជាយ៉ាងណា រដ្ឋបាលខេត្តកំពង់ចាម បានបើកការស្រាវជ្រាវបន្ទាន់មួយ ហើយក៏បានរកឃើញថា ពិតជាមានករណីដូចការចោទប្រកាន់មែន។ តាមរយៈលិខិតរបស់អភិបាលខេត្តកំពង់ចាម ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត ក៏បានសូមធ្វើការណែនាំដល់អភិបាលស្រុកកងមាស ៖
១-ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌ ផ្សេងៗទៀត។
២-រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
៣-អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្ត និង សេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។
៤-ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
៥-ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។
និង ៦-ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់៕


























