ភ្នំពេញ — ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ (៣១ មីនា) បានច្រានចោលការចាត់ថ្នាក់អប់រំអន្តរជាតិឆ្នាំ ២០២៥ របស់ World Population Review ដែលដាក់ប្រទេសកម្ពុជានៅក្នុងចំណាត់ថ្នាក់ទី ១២០ ដោយចាត់ទុកថា “មិនមានគោលការណ៍វិទ្យាសាស្ត្រ និងមិនអាចទទួលយកបាន”។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងអប់រំបានលើកឡើងថា ការចាត់ថ្នាក់នេះ គឺផ្អែកលើការស្ទង់មតិពីមនុស្សរាប់ពាន់នាក់នៅ ៧៨ប្រទេស តាមរយៈការសាកសួលយោបល់អំពី ប្រព័ន្ធអប់រំសាធារណៈ , អត្រាចូលរៀននៅកំរិតឧត្តមសិក្សា និង គុណភាពអប់រំ ។ ក្រសួងអប់រំកម្ពុជាថា វិធីសាស្ត្រនេះត្រូវបានរិះគន់ដោយអ្នកជំនាញអប់រំជាច្រើន ដោយសារតែវា ផ្អែកលើការយល់ឃើញផ្ទាល់ខ្លួន ជាជាងសូចនាករ។
ក្រសួងអប់រំកម្ពុជា ក៏បានលើកឡើងពីភាពមិនសមស្របនៃលទ្ធផលដូចជា ប្រទេសទីម័រខាងកើត ត្រូវបានដាក់ខ្ពស់ជាង ប្រទេសម៉ាឡេស៊ី ទោះបីទីម័រមិនទាន់ចូលរួមកម្មវិធីវាយតម្លៃអន្តរជាតិ (PISA) និងមានបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច។ ប្រទេសឡាវ ត្រូវបានដាក់ចំណាត់ថ្នាក់ខ្ពស់ជាងប្រទេសថៃ ទោះបីថៃមានសាកលវិទ្យាល័យដែលទទួលស្គាល់អន្តរជាតិ និងចូលរួម PISA ពេញលេញ។

–
ជាមួយគ្នានេះ ក្រសួងអប់រំកម្ពុជា ក៏បានលើកយកសូចនាករវិទ្យាសាស្ត្រ នៃការអប់រំនៅកម្ពុជាមកបង្ហាញដែរ ដោយថា អត្រាអក្ខរកម្មនៅកម្ពុជាបានកើនដល់ ៨៤% (២០២២), អត្រាចូលរៀននៅបឋមសិក្សាមានចំនួន ៩៩.៦% (២០២៣-២០២៤) ខណៈមធ្យមសិក្សាបឋមភូមិមានចំនួន ៧៥.២% (កើនពី ៥៥.១% ក្នុង ១០ឆ្នាំ) ហើយថា្នក់ឧត្តមសិក្សា ១៩.១% (កើនពី ៩.៩% ក្នុង ១០ឆ្នាំ)។
និយាយពីលទ្ធផល PISA 2022 វិញ កម្ពុជា កើនជាង ១០ពិន្ទុធៀបនឹងឆ្នាំ ២០១៧ ទោះបីនៅពេលមានវិបត្តិកូវីដ-១៩ ហើយបើនិយាយពីការវិនិយោគ ថវិកាអប់រំកម្ពុជាស្មើ ២.៦% នៃ GDP (ខ្ពស់ជាងឡាវ ១.២% និងមីយ៉ាន់ម៉ា ២%)។
ជារួមក្រសួងអប់រំបានបញ្ជាក់ជាថ្មីថា ការចាត់ថ្នាក់របស់ World Population Review គឺមិនឆ្លុះបញ្ចាំងពីវឌ្ឍនភាពអប់រំពិតប្រាកដ របស់កម្ពុជា ដែលបានអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ និងមានសូចនាករវិជ្ជមានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕


























