Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងការងារបញ្ជាក់ពីកមរណភាពរបស់ពលករខ្មែរក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា តាមរបាយការណ៍ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថៃ និងការតាមដានជាប្រចាំរបស់ក្រសួង និងស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មានពលករខ្មែរ ១រូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួល មរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ។

បើតាម​ក្រសួងការងារនារសៀលថ្ងៃទី៣១ ខែមីនា ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញទៅ ដល់មន្ទីរពេទ្យតម្កល់សពដោយផ្ទាល់ ដើម្បីរួមជាមួយសាច់ញាតិនៃសព និមន្តព្រះសង្ឃស្វាធ្យាយតាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា មុននឹងដឹកសពចេញដំណើរឆ្ពោះមកស្រុកកំណើតវិញ។ ទន្ទឹមនេះ ក្រុមការងារក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន បាននិងកំពុងជួយសម្រួលឯកសារផ្សេងៗ រង់ចាំទទួលសព និង កំពុងរៀបចំពិធីបុណ្យសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋាននៃសពផងដែរ។

គួរជំរាបជូនថា គ្រោះរញ្ជួយដីបានកើតឡើង​កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយ​បានបណ្តាល​ឱ្យ​បាករលំអគារកំពុងសាងសង់កម្ពស់១៥ជាន់ ដោយ​គេជឿជាក់ថា មានពលករ​ខ្មែរ​កំពុងធ្វើ​ការ​នៅ​ក្នុងការដ្ឋានសំណង់នោះ។ ក្រោយគ្រោះរញ្ជួយដីបានកើតឡើងភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ឱ្យចុះទៅផ្ទាល់ដល់កន្លែង កើតហេតុ ដើម្បីភ្ជាប់នូវព័ត៌មាន នឹងតាមដានស្ថានភាពនៅទីនោះជាប្រចាំ៕

អត្ថបទពាក់ព័ន្ធ