សៀមរាប, នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី”។
ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗនិងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរណ៍ជាតិ និងអន្តរជាតិ។
សម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ បើតាម ឯកឧត្តម សុខ សប្បាយណា ក៏មិនខុសគ្នាពីព្រឹត្តិការណ៍មុនៗដែរ ពោលអង្គរសង្ក្រាន្តនៅតែរក្សាបានគោលបំណងរបស់ខ្លួនគឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្តបានលើកយកនូវកម្មវិធីកម្សាន្តធំៗចំនួន៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយ របស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ខេត្តសៀមរាបទៅកាន់ពិភពលោក។
ក្នុងឱកាសនោះដែរ ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ បានលើកឡើងពីវឌ្ឍនភាពការងារ នៃក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមផ្សព្វផ្សាយដោយសកម្មរបស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាក្នុងបណ្ដាញសង្គម និងមគ្គទេសទេសចរណ៍ដែលអាចបញ្ជ្រាបនូវស្មារតីអង្គរសង្ក្រាន្ដទៅកាន់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម សោម រតនា
ជាមួយគ្នានេះដែរ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងនូវការរីករាយស្វាគមន៍ចំពោះការរៀបចំឡើងនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ដដែលចូលរួមជាចំណែកយ៉ាងសំខាន់ក្នុងលើកស្ទួយវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ ជាពិសេសចូលរួមជំរុញកំណើនដោយផ្ទាល់ និងប្រយោលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះដែល ឯកឧត្តមក៏បានលើកឡើងនូវការសម្របសម្រួលជាមួយម្ចាស់អាជីវកម្មនានាដើម្បីកុំឱ្យតម្លើងតម្លៃផលិតផល និងសេវាកម្មនានា។
ជាថ្មីម្ដងទៀត សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយគោលបំណង និងភាពស្រស់ស្អាតនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ឱ្យកាន់តែផុសផុល និងមានវិសាលភាពទូលំទូលាយ និងជំរុញយន្ដការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នា២០២៥ ឱ្យបានជ្រួតជ្រាបទៅដល់សាធារណជន ជាពិសេសក្រុមគោលដៅ តាមរយៈការផ្ដល់ជូននូវមូលដ្ឋាន ខ្លឹមសារ សម្ភារៈផ្សព្វផ្សាយ ក៏ដូចជាយន្ដការក្នុងការផ្លាស់ប្ដូរទំនាក់ទំនង រួមទាំងកិច្ចសហការ រវាងតួអង្គសំខាន់ៗដែលរួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយលើបណ្ដាញសង្គម និងមគ្គុទេសទេសចរណ៍នៅក្នុងខេត្តសៀមរាប៕


























