Connect with us

ព័ត៌មានជាតិ

ស្ត្រីកម្ពុជា ៦% ទទួលរងអំពើហិង្សាផ្លូវភេទយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត

Published

on

ភ្នំពេញ — ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងការកំណត់ទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងប្រធានគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ បានលើកឡើងថា តាមរបាយការណ៍ស្រាវជ្រាវនានាបង្ហាញថា ស្ត្រីកម្ពុជា១នាក់ ក្នុងចំណោម៥នាក់ ដែលមានអាយុពី១៥-៤៥ឆ្នាំ ធ្លាប់រងគ្រោះដោយអំពើហិង្សាលើរាងកាយ។ ជាមួយគ្នានោះ ស្ត្រីដែលមានអាយុពី១៥-៤៩ឆ្នាំ ចំនួន៦% បានរាយការណ៌ថា ធ្លាប់ទទួលរងអំពើហិង្សាផ្លូវភេទ យ៉ាងហោចណាស់ម្តងក្នុង១មួយជីវិត ក្នុងនោះ៥% បានរាយការណ៍ថា ពួកគេធ្លាប់ទទួលរង នូវការបៀតបៀនផ្លូវភេទ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីកិច្ចការនារី បានស្នើឱ្យបណ្តាភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងព្យាយាមធ្វើឱ្យមានការថយចុះបន្ថែមទៀត។

បើក្រឡេកទៅមើលចំណុចវិជ្ជមានវិញ លោកជំទាវរដ្ឋមន្រ្តីលើកឡើងថា ស្ត្រីកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចគាំពារសង្គម ដែលក្នុងនោះយើងសង្កេតឃើញថា ស្ត្រីខ្មែរជាង៦១% ជាម្ចាស់និងជាអ្នកដឹកនាំសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលតួលេខនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់ស្ត្រីខ្មែរ ក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងកែលម្អសុខុមាលភាពគ្រួសារ នាពេលបច្ចុប្នន្ននេះ។

លោកជំទាវ អ៉ឹង កន្ថាផាវី មានប្រសាសន៍ថា តាមរយៈគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស នឹងផ្តោតលើការដឹកនាំសម្របសម្រួល ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងារពហុវិស័យនេះ បានចូលរួមអប់រំផ្សព្វផ្សាយដល់សាធារណជន សំដៅលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ បទអន្តរាគមន៍នានា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិជនមានពិការភាព និងសិទ្ធិដទៃទៀតក្នុងសង្គម លើកកម្ពស់ការគោរពច្បាប់ និងកាត់បន្ថយរាល់ទម្រង់ នៃការរើសអើងគ្រប់រូបភាព សំដៅបង្កើតបានសង្គមកម្ពុជាមួយ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សន្តិភាព និងសុខដុមរមនា។

លោកជំទាវចាត់ទុកការអប់រំសីលធម៌សង្គម ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានភាពរីកចម្រើន។ ការលើកកម្ពស់សីលធម៌ មិនត្រឹមតែជាការងារសង្គមនោះទេ ប៉ុន្តែវាជាការបង្ហាញពីចំណុចប្រទាក់គ្នាក្នុងសង្គម ប្រកបដោយភាពអនុគ្រោះ និងការគោរព៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ