ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ១០នេះ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ ចំណុចកណ្តាលស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។
ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងនាមម្ចាស់គម្រោងបានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ។

–
ចំពោះផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧,៣៦៣ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៥+៩០០ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណុចបញ្ចប់ត្រង់ប្រសព្វផ្លូវជាតិលេខ៤៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងស្ថាបនាផ្លូវនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ មីនា ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រេចវឌ្ឍនភាពការងារបាន ជាង ៩៦% គិតត្រឹមបំណាច់ខែមីនា៕


























