នៅវេលាម៉ោងប្រមាណ១១ និង២៦នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានចុះពីយន្តហោះ ដល់ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រះមហាក្សត្រកម្ពុជាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់យាងទទួល ព្រមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
តាមកាលវិភាគដែលបានគ្រោងទុក លោក ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង នារសៀលនេះ, បន្ទាប់មកប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

–
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិននៅថ្ងៃនេះដែរ លោក ស៊ី បានថ្លែងថា «ខ្ញុំរីករាយណាស់ដែលបានមកលេងប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ សម្រាប់ខ្ញុំ វាមានអារម្មណ៍ថាទៅផ្ទះរបស់មិត្តល្អម្នាក់។ ខ្ញុំសូមជូនពរចូលឆ្នាំថ្មីយ៉ាងកក់ក្ដៅបំផុតចំពោះបងប្អូនក្នុងប្រទេសកម្ពុជា»។
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែមេសា។ គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចមួយជុំតំបន់អាស៊ីអាគ្នេយ៍ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ទី១៤ ខែមេសា នៅក្នុងប្រទេសវៀតណាម ហើយបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដោយបញ្ចប់នៅប្រទេសកម្ពុជា៕



























