Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រធានការិយាល័យសេដ្ឋកិច្ចក្រុងស្ទឹងសែន និងបក្ខពួក ត្រូវ ACU ​ចាប់ខ្លួន ពាក់ព័ន្ធបំផ្លាញដីព្រៃលិចទឹកក្នុងខេត្តកំពង់ធំ

មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់ និងបុគ្គលម្នាក់ទៀត ត្រូវបានឃាត់ខ្លួនដោយ ACU ហើយ​ត្រូវបានសាលាដំបូងខេត្តកំពង់ធំសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត(ដីព្រៃលិចទឹក)។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំបញ្ជាក់ថា កាលពីថ្ងៃទី២៨កក្កដា សាលាដំបូងខេត្តបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៥១របស់អយ្យការអមសាលាដំបូងខេត្ត ដែលកសាងឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា(ACU) ពាក់ព័ន្ធនឹងករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹកមានជនត្រូវចោទចំនួន២នាក់។ ជនត្រូវចោទទាំងនោះរួមមាន៖ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍នៃសាលាក្រុងស្ទឹងសែន ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក។

រីឯបក្ខពួកម្នាក់ទៀត ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ ជាកសិករ ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យសាលាដំបូងខេត្តសង្កត់ធ្ងន់ថា ៖ «បន្ទាប់ពីបានពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង២រូប ឈ្មោះ ហេ គឿន និង ឈ្មោះ សែ សុងហេង នៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់»៕

អត្ថបទពាក់ព័ន្ធ