កាលពីវេលាម៉ោង ៦ និង២០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមាន ជនរងគ្រោះសរុបចំនួន ៤២នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤២នាក់ (ស្រី ៣៦នាក់) ដោយរបួសធ្ងន់ចំនួន ៥នាក់ (ស្រី ៥នាក់) របួសស្រាលចំនួន ៣៦នាក់ (ស្រី ៣០នាក់) និងជនរងគ្រោះជាស្ត្រី បានស្លាប់ចំនួន ១នាក់។
សម្រាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់រថយន្តដឹកកម្មករពង្រឹងការបើកបរ ពង្រឹងការប្រុងប្រយ័ត្ន និងវិជ្ជាជីវៈខ្ពស់ក្នុងការបើកបរ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលអ្នកបញ្ជារថយន្តតាមដងផ្លូវទាំងអស់គួរអធ្យាស្រ័យខ្ពស់ យោគយល់ខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើងឡើងដែលប៉ះពាល់ដល់កម្មករដែលជាជនស្លូតត្រង់នៅលើរថយន្តមានគ្រោះថ្នាក់ និងរងផលប៉ះពាល់។

គិតចាប់ពីខែមករា ដល់សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មរចំនួន ៣ករណី មានជនរងគ្រោះសរុប ៨៩នាក់ (ស្រី ៨១នាក់) ក្នុងនោះជនរងគ្រោះ ស្លាប់ ១នាក់ (ស្រី) របួសធ្ងន់ ១០នាក់ (ស្រីទាំងអស់) និងរបួសស្រាល ៧៨នាក់ (ស្រី ៧០នាក់)៕



























