សម្រាប់កិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-ថៃ (JBC) នៅព្រឹកនេះ ប្រទេសកម្ពុជា មានប្រធានក្រុមការងារដឹកនាំដោយ ឯកឧត្តម ឡាំ ជា រីឯភាគីថៃ ដឹកនាំដោយអតីតទូតថៃជំនាន់ជម្លោះព្រំដែនប្រាសាទព្រះវិហារ គឺលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ។
លោកប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ដែលជាមន្រ្តីការទូតជើងចាស់ ហើយមានបទពិសោធន៍យ៉ាងក្រាស់ ក្រែលជាមួយនឹងការងារព្រំដែន និងព្រំប្រទល់ហើយជាពិសេសនោះគឺលោកទូត នេះហើយដែលមានប្រវត្តិការងារប្រកបដោយភាពជូរចត់ជាមួយកម្ពុជា។ ទាក់ទងនឹង បទពិសោធន៍ការងារការបរទេសវិញ លោកប្រាសាសធ្លាប់ធ្វើជាអគ្គនាយកនៃ អគ្គនាយកដ្ឋានសន្ធិសញ្ញានៃក្រសួងការបរទេសថៃ ក្រោយមកលោកត្រូវបានរាជ រដ្ឋាភិបាលថៃតែងតាំងជាឯកអគ្គរាជទូតរបស់ថៃប្រចាំនៅបណ្តាប្រទេសនានាក្នុងអាស៊ានរួមមានកម្ពុជា លាវ ភូមា ហ្វីលីពីន និងចុងក្រោយគឺទៅដល់គុយវ៉ែត។ ក្រោយពីចូលនិវត្តន៍ពីការងារទូត លោកនៅតែជាទីប្រឹក្សាឲ្យក្រសួងការបរទេសថៃរហូតមក។
រម្លឹកកាលពីកំឡុងឆ្នាំ២០០៩ លោកប្រាសាស ត្រូវបានរដ្ឋាភិបាលថៃដែលមានលោកអភិសិទ្ធិ វ៉េឆាឈិវ៉ៈ ជានាយករដ្ឋមន្រ្តីតែងតាំងឲ្យធ្វើជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប៉ុន្តែមិនបានប៉ុន្មាននោះទេ លោកប្រាសាសត្រូវបានប្រមុខការទូតថៃគឺលោកកាស៊ិត ភិរម្យ (លោកកាស៊ីតនេះហើយ ដែលសម្តេចតេជោហៅថាក្មេងឈ្លើយ ព្រហើនកាលពីជំនាន់វិវាទរឿងព្រះវិហារ) កោះហៅត្រឡប់ទៅកាន់ក្រុងបាងកកវិញ ដោយសារទម្លាក់ទំនាក់ទំនងការទូត ព្រោះតែរាជរដ្ឋាភិបាលកម្ពុជាបានតែងតាំង លោកថាក់ស៊ីន ស៊ីនណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ និងជាសត្រូវនយោបាយរបស់ ក្រុមនយោបាយរបស់អាភិសិទ្ធិនោះ ឲ្យឡើងធ្វើជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០០៩។ ប៉ុន្តែក្រោយមកនៅខែសីហា ឆ្នាំ២០១០ លោកប្រាសាស ក៏ត្រូវបានបញ្ជូនត្រឡប់មកធ្វើជាទូតវិញ ក្រោយទំនាក់ទំនងការទូតត្រូវបានស្តារ។ មួយថ្ងៃក្រោយពីលោកប្រាសាសមកដល់រាជធានីភ្នំពេញ ខាងកម្ពុជាក៏បានបញ្ជូនលោកជំទាវយូ អយឲ្យវិលត្រឡប់ទៅកាន់ទូតនៅបាងកកវិញដែរ។
ក្នុងតំណែងជាឯកអគ្គរាជទូតនេះ លោកប្រាសាសបានរងសម្ពាធយ៉ាងច្រើនជាពិសេសក្នុងពេលដែលកម្ពុជា និងថៃ កំពុងឈ្លោះគ្នាខ្លាំងរឿងព្រះវិហារ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះលោកទូតនេះ ហើយជាអ្នកធ្វើលិខិតសុំព្រះរាជទានទោសដល់មេដឹកនាំអាវលឿងឈ្មោះ វីរៈស៊ុមខ្វាមឃិត និងបក្សពួកដែលបានជាប់គុកនៅកម្ពុជាពីបទចូលកម្ពុជាដោយខុស ច្បាប់។ ក្រុមពួកវីរៈស៊ុមខ្វាមឃិតនេះហើយដែលចូលមកព្រះវិហារហើយជាឈ្នួន បង្កើតជាវិវិទកាន់តែធំនៅព្រះវិហារ។
គួរបញ្ជាក់ផងដែរថា ពេលនេះលោកប្រាសាស ក៏ត្រូវបានពួកជ្រុលនិយមសៀម ជាពិសេសគឺពួកតាសុន្ធិ លីមថងគុន រិះគន់ និងមិនពេញចិត្តផងដែរដោយសារតែ លោកធ្លាប់អះអាងថាកន្លែងខ្លះដែលថៃកាន់កាប់នោះជាដីរបស់ខ្មែរទេ៕
by : Mao Vutha
