បន្ទាយមានជ័យ, ក្រុងប៉ោយប៉ែត – ពលរដ្ឋខ្មែរ២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ានៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ។
យោងតាមសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យ តាំងពីព្រឹក រហូតដល់៧ជាងយប់។
បើតាមការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញ បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាង១០០នាក់ទៀត មានទាំងក្មេងចាស់ប្រុសស្រី បានវិលពីតំបន់ផ្សេងៗនៅស្រុកថៃ មកកាន់ស្រុកកំណើត តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកថា តាមពិតបងប្អូនខ្មែរយើង ខ្លះបានធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹក ជាប់នឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាំងពីព្រឹក តែទាហានថៃ មិនឲ្យឆ្លងចូលមកដីខ្មែរនោះឡើយ ទ្រាំចាំរហូតដល់ម៉ោងជាង៧យប់ ទើបទាហានថៃ យល់ព្រមបើកច្រកឲ្យបងប្អូនអាចឆ្លងកាត់មកដីខ្មែរបាន។
សម្រាប់កម្ពុជា លោក អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ហើយថា បងប្អូនយើងមកប៉ុន្មាន គឺទទួលទាំងអស់ ហើយជួយដឹកជញ្ជូនទៅផ្ទះទៀត៕



























