Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួងការពារជាតិ បកស្រាយករណីប៉ះទង្គិចពាក្យ​សម្តីនៅ​ប្រាសាទតាមាន់ធំ

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅ​រសៀល​ថ្ងៃនេះ បានធ្វើ​ការ​បកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ។

តាមរយៈសេចក្តីប្រកាស​នៅ​លើទំព័រហ្វេសប៊ុក​ក្រសួងការពារជាតិ អ្នកនាំពាក្យ​លើក​ឡើងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។

ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ៕

អត្ថបទពាក់ព័ន្ធ