Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ — តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងសាវណ្ណ កុមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន នឹងមានព្រះរាជសវនាការ ជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការ​បរទេសកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ឡាវ។

បើតាម​ក្រសួងការបរទេស​កម្ពុជា ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសឡាវនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ៕

អត្ថបទចាប់អារម្មណ៍ច្រើន