Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជាថ្កោលទោស ទង្វើ​គ្មានការគិតគូរ និងអរិភាព​របស់​ប្រទេសថៃ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះ បានចេញសេចក្តី​ថ្លែងការណ៍ ដោយ​ធ្វើការ​ថ្កោលទោស​យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើ​គ្មានការគិតគូរ និង​អរិភាព របស់ប្រទេសថៃ ដោយ​នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ទង្វើឈ្លានពាននេះ ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុកថា គឺជាការរំលោភបំពានយ៉ាងគឃ្លីន និង ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។

ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។ កម្ពុជាអំពាវនាវឱ្យ​ថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើឱ្យ​ស្ថានការណ៍កាន់តែតានតឹង។

ជាមួយ​គ្នានេះ ក្រសួងការបរទេសបាន​បញ្ជាក់ជាថ្មី​ថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួល ស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់លផងត្រូវខ្លួន៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន