ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន នៅល្ងាចថ្ងៃទី២៥ កក្កដា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការបញ្ជាក់ដូចខាងក្រោម ៖
កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយសម្តេចធិបតីតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។
សម្តេចធិបតី បានបញ្ជាក់ច្បាស់ជាមួយ ឯកឧត្តម Anwar Ibrahim ថា កម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។
ជាចម្លើយបឋមពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។
ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។
ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ៕


























