នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកមិញនេះ (២៧ កក្កដា) លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា មកទល់ពេលនេះ សកម្មភាពរំលោភបំពានពីសំណាក់ភាគីថៃនៅតែបន្ត និងកើនឡើងលើសដើម។
ក្នុងនោះចាប់តាំងពីថ្ងៃម្សិលមិញវេលាម៉ោង៥ព្រឹក នៅក្នុងយុទ្ធភូមិភាគទី៤ ថៃចាប់ផ្តើមបាញ់ចូលជាំតែ បុស្សស្បូវ ដែលយើងឃើញថា មានការបាញ់ជាបន្តបន្ទាប់និងរហូត,
-នៅវេលាម៉ោង១០ និង៤០នាទី យន្តហោះថៃបានទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅលើផ្លូវឡើងទៅប្រាសាទព្រះវិហារ
– នៅវេលាម៉ោង១១ និង៥៦នាទី យន្តហោះថៃបានទម្លាក់គ្រាប់បែកចង្កោមនៅភ្នំខ្មោច
– រហូតមកដល់ម៉ោង២ និង៣០នាទីថៃចាប់ផ្តលមវាយចូលដោយរថក្រោះនៅតំបន់វាលឥន្រ្ទី
– ចាប់ពីម៉ោង២ និង៣០នាទីតទៅ មានសភាពការណ៍ថយចុះមកវិញ រហូតដល់ម៉ោង២២យប់
– ម៉ោង២រំលងអធ្រាត្រ ទាហានថៃចាប់ផ្តើមវាយប្រហារមកលើកម្ពុជា ដោយផ្លោងទៅកាន់តំបន់វាលឥន្រ្ទី
– វេលាម៉ោង២ និង៣០នាទី ថៃបានវាយផ្លោងនៅតំបន់តាថាវ និងភ្នំខ្មោច ដោយដ្រូនហោះសម្កាំងជាប្រចាំ
– វេលាម៉ោង ៤ និង៥០នាទី ព្រឹកមិញ ថៃបានផ្តើមវាយប្រហារដោយកាំភ្លើងធំ ចូលទៅក្នុងទឹកដីប្រាសាទតាមាន់ធំ និងតាក្របី
– វេលាម៉ោង ៦ព្រឹក ថៃចាប់ផ្តើមវាយថ្មើជើងបន្ថែមទៀតចូលតំបន់ភ្នំខ្មោច
អ្នកនាំពាក្យបញ្ជាក់ថា គ្រប់ទីតាំងនៃការប្រយុទ្ធទាំងអស់ចាប់ពីប្រាសាទតាមាន់ រហូតដល់តំបន់មុំបី ថៃបានប្រើប្រាស់កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជា។
ដោយឡែកស្ថានភាពនៅយោធភូមិភាគទី៥ មានសភាពស្ងប់ស្ងាត់ត្រឡប់មកវិញ មិនមានការវាយប្រហារមកលើកម្ពុជានោះទេ លើកលែងតែខេត្តបន្ទាយមានជ័យ មានការចល័តសព្វាវុធ និងចល័តទ័ពពីភាគីថៃ។
សម្រាប់ភូមិសាស្រ្តដែនសមុទ្រវិញ បើតាមលោកជំទាវ ម៉ាលី សុជាតា កងទ័ពជើងទឹកកម្ពុជាបានរាយការណ៍ថា មកទល់ម៉ោងនេះមានសភាពការណ៍ធម្មតា មិនមានការបង្កហេតុពីភាគីថៃទេ ប៉ុន្តែមានសកម្មភាពហោះដ្រូនចូលមកក្នុងទឹកដីកម្ពុជាចំនួន៥លើក ក្នុងនោះ ៣លើកនៅលើកោះយ៉ ឈៀងខាងលិចកោះយ៉ ១លើក និងកោះកុងក្រៅចំនួន ១លើក៕


























