Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សង្រ្គាមព្រំដែនកម្ពុជា-ថៃ នឹងបញ្ចប់ជាផ្លូវការ តាមកិច្ចចរចារវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ

ក្រោយពីកិច្ចចរចាមួយថ្ងៃដ៏តានតឹង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ បានឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្រ្គាមព្រំដែនជាប្រវត្តិសាស្ត្រ ដោយស្នូរកាំភ្លើងនឹងលែងលាន់លឺចាប់ពីម៉ោង ១២អាធ្រាត្រនៃថ្ងៃនេះតទៅ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងក្រោយបញ្ចប់ដំណើរបេសកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា “ស្នូរកាំភ្លើងនឹងលែងលាន់លឺទៀតហើយចាប់ពីយប់នេះនៅម៉ោង១២អាធ្រាតុទៅ នេះបើយោងតាមស្មារតីនៃទំនួលខុសត្រូវ រួមរវាងមេដឹកនាំកំពូលទាំងពីរគឺកម្ពុជាថៃ នៅចំពោះមុខប្រជាជាតិរៀងៗខ្លួន នៅចំពោះមុខតំបន់ និងនៅចំពោះមុខពិភពលោក”។

ជាមួយការថ្លែងបែបនេះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ដែរថា ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ានបានត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយដើម្បីចុះពិនិត្យ និងធានាការអនុវត្តិបទឈប់បាញ់។ ម៉ាឡេស៊ីក៏នឹងពិគ្រោះជាមួយសមាជិកអាស៊ានផ្សេងទៀតដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍តាមឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីគាំទ្រ សន្តិភាពពិតប្រាកដ។ ក្រៅពីនេះទាំងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី កម្ពុជានិងថៃ នឹងបង្កើតយន្តការសម្រាប់អនុវត្តផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់។ យន្តការនេះគឺជាមូលដ្ឋានគ្រឹះ សន្តិភាព និរត្តន៍ភាព និងការទទួលខុសត្រូវ។

គួរបញ្ជាក់ថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ នៅម៉ោង១២អាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលនេះជាគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕

អត្ថបទពាក់ព័ន្ធ