Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់

Published

on

ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយ​ពីមានការ​ចោទប្រកាន់​របស់ភាគីថៃថា ប្រទេស​កម្ពុជាមិន​បានគោរពទៅនឹងបទឈប់បាញ់ ដែលធ្វើ​ឡើង​កាលពីថ្ងៃទី២៨ កក្កដា នៅប្រទេស​ម៉ាឡេស៊ី។ ក្រសួងការបរទេសអះអាងថា កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ថា ជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមានលក្ខណៈបំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។

កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានរួសរាន់បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសម៉ាឡេស៊ី ទៅប្រទេសថៃ និងមកប្រទេសកម្ពុជា ទាំងព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើការបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ការផ្ទៀងផ្ទាត់ និង ធ្វើសេចក្តីរាយការណ៍អំពីបទឈប់បាញ់។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដើម្បីលើកស្ទួយតម្លាភាព និង គណនេយ្យភាព ក្រុមអ្នកសង្កេតការណ៍មួយមិនលំអៀង ដែលមានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង សម្របសម្រួលការអនុវត្តបទឈប់បាញ់ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នឹងត្រូវបានបង្កើត ឡើងក្នុងពេលដ៏ឆាប់ ស្របតាមសេចក្តីចែងក្នុងសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំពិសេស ដែល បានប្រព្រឹត្តទៅនៅទីក្រុងពូត្រារៃយ៉ា ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

រាជរដ្ឋាភិបាលកម្ពុជាក៏​បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ចំពោះ ការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្មារតីរឹងមាំនៃ កិច្ចសហប្រតិបត្តិការពហុភាគី ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមដោយស្ថាបនា ជាមួយប្រទេសថៃ ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងតាមសន្តិវិធីចំពោះ ស្ថានភាពបច្ចុប្បន្ន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរទៅ វិញទៅមករបស់ប្រជាជាតិទាំងពីរ៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ