Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថៃបញ្ជូនកម្លាំងប្រដាប់អាវុធ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់កម្ពុជា

កម្ពុជាចាត់ទុកការចូលរបស់កងទ័ពថៃទៅតំបន់អានសេះជាការ “រំលោភបំពានបទឈប់បាញ់”

ភ្នំពេញ — អ្នកនាំពាក្យក្រសួងការពារជាតិបាន​ប្រកាសថា នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ ភាគីថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់កម្ពុជា និងរាយបន្លាលួស បើទោះបីជាត្រូវហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងកម្ពុជាយ៉ាងណា​ក៏ដោយ។​

ទង្វើរបស់ភាគីថៃ​ ត្រូវ​បានអ្នកនាំពាក្យ​ចាត់ទុកថា ជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។

កាលពីយប់ថ្ងៃអាទិត្យ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កងទ័ពថៃបានត្រៀមជម្លៀសពលរដ្ឋក្នុងខេត្តសុរិន្ទដែលជាប់ព្រំដែនជាមួយខេត្តឧត្តរមានជ័យ ដើម្បីត្រៀមបើកការវាយប្រហារតាមបណ្តោយព្រំដែនថៃ និងកម្ពុជាសាជាថ្មី។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងប្រទេសដៃគូ បន្តគាំទ្រ និងទាមទារឱ្យភាគីថៃបញ្ឈប់ទង្វើឈ្លានពានមកលើកម្ពុជា និងត្រូវគោរពនូវច្បាប់អន្តរជាតិ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិដដែល ស្ថានភាពនៅតាមព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់នៅឡើយ។ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធកម្ពុជានៅតែបន្តប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទពាក់ព័ន្ធ