ឧត្តរមានជ័យ — ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នា (ceasefire agreement) ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) បានចុះពិនិត្យទីតាំងសំខាន់ៗនៅខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥។
បេសកកម្មនេះដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលជាប្រធានក្រុម IOT។ ក្រុមនេះបានចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) និងទីតាំងមួយចំនួនទៀតដែលនឹងបម្រើឱ្យកិច្ចការងាររបស់ក្រុមនៅខេត្តឧត្តរមានជ័យ។
ដំណើរទស្សនកិច្ចនេះសម្របសម្រួលដោយលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិ រួមជាមួយនាយទាហានជាច្រើនរូបទៀតមកពីក្រសួងការពារជាតិ និងកងទ័ពជើងគោក។
លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មានសមាជិក ៧ ប្រទេស ដែលរួមមាន៖ ម៉ាឡេស៊ី (ប្រធាន), ឥណ្ឌូនេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី និងវៀតណាម។
សកម្មភាពនេះជាការបន្តពីលទ្ធផលនៃកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានឈានដល់ការឯកភាពឈប់បាញ់គ្នា។ ការចូលរួមរបស់បណ្ដាប្រទេសជាដៃគូទាំងនេះបង្ហាញពីបំណងរួមគ្នាក្នុងការធានាឱ្យកិច្ចព្រមព្រៀងឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ព្រមទាំងនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជានិងថៃ៕


























